(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៣នាក់ ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស មិនមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ខែវិច្ឆិកា» នោះឡើយ។
អ្នកដំណើរមកពីក្រៅប្រទេស ដែលរកឃើញឆ្លងកូវីដ១៩ ទាំង៣នាក់នេះរួមមាន៖
១៖ បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកដងទង់ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី ២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខ ភាពចាក់អង្រែ រាជធានីភ្នំពេញ។
២៖ បុរសជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តកណ្ដាល ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាក លើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានី ភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥០នាក់ដែលនៅក្នុងចំនួននេះ មានបុគ្គលពីរនាក់ខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន៤៨នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស ចំនួន៣៦នាក់ និង នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន១២នាក់ ។
៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ស្ត្រីនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១៦២នាក់ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១៦១នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាសចំនួន ០២នាក់ និងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន១៥៩នាក់។
ដោយឡែកសម្រាប់លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» វិញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានយកវត្ថុសំណាកពីអ្នកពាក់ព័ន្ធបានចំនួន ២,០៥២នាក់ បន្ថែមទៀត។ បើគិតទាំងចំនួនដែលនៅសល់ពីថ្ងៃមុនៗ ដែលត្រូវយកមកវិភាគ នៅថ្ងៃជាបន្តបន្ទាប់នោះ គឺមានវត្ថុសំណាកសរុបចំនួន ៣,៩៩៨នាក់ ដែលនៅក្នុងចំនួននេះ វត្ថុសំណាកចំនួន ២,៩១៧ នាក់ បានធ្វើវិភាគនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដោយបានផ្តល់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រឹមម៉ោង២៣៖៣០នាទី យប់នៃថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។
បើគិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២០នេះ វត្ថុសំណាកចំនួន ៧,១៣១នាក់ ត្រូវបានធ្វើវិភាគរួចហើយ ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧នាក់ (ចំនួននេះបានរាយការណ៍ ជូនសាធារណជនរួចហើយ) ដែលកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។ ដូច្នេះ វត្ថុសំណាកនៅសល់ចំនួន ១,០៨១នាក់ទៀត នឹងត្រូវបន្តធ្វើវិភាគនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដោយវិធ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុប ទាំងអស់បានចំនួន ៨,២១២នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៩នាក់ (ស្រី ៧៤នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៥នាក់៕