(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ GO and DO ៦រូបទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានអវិជ្ជមាន ក្នុងការធ្វើតេស្តរកមេរោគកូវីដ១៩ ដែលធ្វើឡើងលើកទី១ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។
លោក ថោង ខុន និងមន្រ្តីក្រសួងទេសចរណ៍ ក៏ដូចជាំថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ GO and DO ៦រូបទៀត ពុំបានប្រាស្រ័យទាក់ទងជាមួយគ្រួសារ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារនោះឡើយ ប៉ុន្តែ ពួកគាត់បានចូលរួមផ្តល់អំណោយរថយន្ត ពន្លត់អគ្គីភ័យ ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
គួរជម្រាបថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ។ ដោយសារតែករណីឆ្លងកូវីដថ្មីលើកនេះ មិនមានប្រភពច្បាស់លាស់ថាចេញមកពីណានោះ ទើបសម្តេចតេជោ ហ៊ុន សែន ហៅករណីនេះថាជាព្រឹត្តិការណ៍សហគមន៍៨វិច្ឆិកា។
គិតត្រឹមថ្ងៃទី០១ ខែធ្នូ ម្សិលមិញកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕