(សៀមរាប)៖ ក្រុមលេខាធិការដ្ឋានសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បាននាំយកឃីតចំនួន៣២ ទៅចែកជូនប្រជាពលរដ្ឋ៣២គ្រួសារ ដែលស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងទៅនេះ។
កញ្ចប់ទ្រទ្រង់សុខមាលភាពចំនួន៣២កញ្ចប់ គឺជាអំណោយដ៏ថ្លៃថ្លា របស់លោកបណ្ឌិតសភាចារ្យ សុខ អាន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកស្រី ហើយក្នុងនោះក៏មានការចូលរួមពីក្រុមហ៊ុន Hotel line solution Co,.ltd មានដូចជាខោអាវទារក សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ វែនតា កម្រាលសម្រាប់ទារកគេង សម្រាប់ចែកជូនដល់ពួកគាត់ផងដែរ។
អ្នកស្រី ឈឿត ពី ដែលស្ថិតនៅក្នុងភូមិតាស្នេហ៍ បានលើកឡើងថា គាត់សប្បាយរីករាយណាស់ ព្រោះនេះជាកូនលើកដំបូងរបស់គាត់ មានវាសនាបានទទួលការឧបត្ថម្ភ ពីលោកបណ្ឌិតសភាចារ្យ សុខ អាន ដែលបានចែកជូនតាមរយៈអាជ្ញាធរជាតិអប្សរា។
អ្នកស្រីបានអំណរគុណយ៉ាងអស់ពីចិត្ត ចំពោះអាជ្ញាធរជាតិអប្សរា ជាពិសេសគឺលោកមបណ្ឌិតសភាចារ្យ សុខ អាន និងលោកស្រី ដែលបានយកចិត្តទុកដាក់ចំពោះស្ត្រី ដែលទើបតែឆ្លងទន្លេ ក្នុងរមណីយដ្ឋានអង្គរ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូត។
លោក ជ្រុន សុផល ជាឧបការី និងជាប្រធានក្រុមលេខាធិការដ្ឋានសហគមន៍ នៃអាជ្ញាធរជាតិអប្សរាបាន បានឲ្យដឹងថា កន្លងមកយើងបានចែកជូនប្រជាពលរដ្ឋ អស់រយៈពេល៥ខែ គឺគិតចាប់ពីខែតុលាឆ្នាំ២០១៥ ដល់ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជាសរុបកញ្ចប់ទ្រទ្រង់សុខមាលភាពម្តាយ និងទារកដែលបានចែកជូន មានចំនួន៣៥០កញ្ចប់ហើយ៕