(ភ្នំពេញ)៖ លោក អាមផាយ ឃីនដាវង់ (Amphay Kindavong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងសារមួយចំនួន ដើម្បីអបអរសាទរដល់ខួបលើកទី៤៥ឆ្នាំ នៃការប្រកាសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២០)។
នៅក្នុងសាររបស់ លោកអគ្គរដ្ឋទូតឡាវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់ជំនួយម៉ាស និងសម្ភារបរិក្ខារពេទ្យជូនដល់ប្រទេសឡាវ ព្រមទាំងរំលឹកអំពីការរឹតចំណងមិត្តភាពកាន់តែជ្រាលជ្រៅរវាងប្រទេសទាំងពីរផងដែរ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសាលាលិខិតរបស់ លោកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា៖
«ថ្ងៃនេះ ថ្ងៃទី០២ ខែធ្នូ ជាថ្ងៃបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ខ្ញុំមានកិត្តិយសណាស់ ដែលបានផ្ញើសារក្នុងទិវារំឮកបុណ្យខួបលើកទី៤៥ឆ្នាំ នៃការប្រកាសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២០)។
ក្នុងឱកាសដ៏សប្បាយរីករាយនេះ ក្នុងនាមស្ថានឯកអគ្គរដ្ឋទូតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមផ្ញើសារអបអរសាទរដោយស្មោះបំផុតជូនចំពោះជនជាតិឡាវ និងនិស្សិតឡាវ ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀសឱកាសនេះផងដែរ ខ្ញុំសូមសម្តែងនូវការដឹងគុណដ៏ស្មោះអស់ពីចិត្តចំពោះ មិត្តភក្តិកម្ពុជា ដែលបានបន្តការគាំទ្រ និងបង្កើនទំនាក់ទំនងមិត្តភាពស្និទ្ធស្នាលជាប្រពៃណីរវាងប្រទេសទាំងពីរ។
សមិទ្ធផលដែលទទួលបានក្នុងរយៈពេលកន្លងមកជាង ៤៥ ឆ្នាំនេះ គឺបានមកពីកត្តាជាច្រើន ប៉ុន្តែកត្តាដែលសំខាន់បំផុតនោះគឺ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម។ នេះបានផ្តល់ជូនបរិស្ថានដែលអំណោយផលមួយសម្រាប់សេដ្ឋកិច្ចលូតលាស់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការកែលម្អជាលំដាប់។ ប៉ុន្តែដោយសារផលប៉ះពាល់នៃការរាតត្បាតរបស់ជម្ងឺ កូវីដ-១៩ ខណៈពេលសេដ្ឋកិច្ច និងជីវិតសង្គមមានភាពច្របូកច្របល់ និងធ្វើឲ្យធ្ងន់ធ្ងរបន្ថែមទៀតដោយគ្រោះធម្មជាតិ ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួត ដូច្នោះការលូតលាស់សេដ្ឋកិច្ចអាចមានការថយចុះក្នុងឆ្នាំ ២០២០នេះ ប៉ុន្តែវាមិនដល់ថ្នាក់ក្រោមសូន្យនោះទេ។
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ យើងខ្ញុំបានសម្រេចចិត្តអនុវត្តនូវវិធានការការពារដ៏តឹងរ៉ឹងបំផុត ហើយសម្រេចបានលទ្ធផលល្អគូរជាទីពេញចិត្ត គឺមានត្រឹមតែ ៣៩ករណីប៉ុណ្ណោះ ដែលត្រូវបានបញ្ជាក់ថាឆ្លងជម្ងឺ និងគ្មានអ្នកបាត់បង់ជីវិតទេ។ ផលសម្រេចនេះ គឺបានមក ដោយសារតែកិច្ចសហប្រតិបត្តិការ និងកិច្ចសង្រ្គោះឧបត្ថមដោយប្រទេសជាមិត្តរបស់យើង និងអង្គការអន្តរជាតិនាៗ។ ទាក់ទងនឹងរឿងនេះយើងខ្ញុំសូមថ្លែងការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះការគាំទ្រ ដែលមិនអាចវាយតម្លៃបាន និងការជួយឧបត្ថមម៉ាសចំនួន ពីរលានម៉ាស និងសម្ភារវេជ្ជសាស្រ្តមួយចំនួនទៀតពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរួមចំណែកក្នុងការបង្ហាញកាយវិការជាមិត្តភាព។
ប្រទេសឡាវ និងកម្ពុជា ជាប្រទេសភូមិផងរបងជាមួយ មានប្រពៃណីនៃសាមគ្គីភាពដ៏យូរលង់មកហើយ មានការឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងមានចំណងទាក់ទងមិត្តភាពពីបុរាណកាល ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានបង្កើតមិត្តភាពដ៏ជ្រាលជ្រៅជាច្រើនជំនាន់។
ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦ ឃើញថាមានការរីកចម្រើននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ និងការទាក់ទងគ្នារវាងប្រជាជននឹងប្រជាជនរបស់ប្រទេសទាំងពីរមានការស្និទ្ធស្នាលឡើង។ ប្រទេសទាំងពីរមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ជាប្រក្រតី មានដូចជាថ្នាក់ប្រមុខប្រទេស នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ក៏ដូចជារដ្ឋមន្រ្តី និងគណៈប្រតិភូផ្នែកការផ្សេងៗ ដើម្បីលើកស្ទុយ និងធ្វើអោយកាន់តែជ្រាលជ្រៅថែមទៀត នូវការជឿ ទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក។
មួយវិញទៀត កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដោយឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត (Thongloun SISOULITH) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចចិត្តលើកកម្ពស់ចំណងទាក់ទងទ្វេភាគី អោយក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យ និងយូរអង្វែង ដោយមានគោលបំណងធានានូវការអភិវឌ្ឍនៃទំនាក់ទំនង ព្រមទាំងបានធ្វើកិច្ចព្រមព្រៀងទៅលើគណៈកម្មការព្រំដែនរួម (JBC) នៃប្រទេសទាំងពីរ ដែលបានរួមគ្នាព្រាងពង្រាងសន្ធិសញ្ញាស្តីពីការកំណត់ព្រំដែនទាក់ទងនឹងចម្រៀក ដែលប្រទេសទាំងពីរ បានធ្វើការងារបោះបង្គោលព្រំដែនសម្រេចហើយ ប្រហែល ៨៦% នៃព្រំដែនទាំងអស់ ហើយនឹងបន្តការចរចារដើម្បីដោះស្រាយតំបន់ព្រំដែនដែលនៅសេសសល់ ក្នុងគោលបំណងកសាងព្រំដែនរួមនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប៊ូនញ៉ាង់ វ៉រ៉ាជីត (Boun-nhang VORACHITH) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២០ ថ្នាក់ដឹកនាំនៃប្រទេសឡាវ និងកម្ពុជា បានសង្កត់ធ្ងន់លើសារសំខាន់នៃការលើកកំពស់ទំនាក់ទំនងទ្វេភាគី ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យ និងយូរអង្វែងនៅឆ្នាំ២០១៩ និងចែករំលែកទស្សនៈថានឹងពង្រឹង និងបង្កើនបន្ថែមទៀតនូវចំណងមិត្តភាព ស្មារតីនៃសាមគ្គីភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ-នយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គមរបស់ប្រទេសទាំងពីរ»៕
ឆ្លៀតយកឱកាសនេះ ខ្ញុំសូមអបអរសាទរភាពជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចខ្ពស់ ក្រោមព្រះរាជកិច្ចណែនាំដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងមាគ៌ាអភិវឌ្ឍន៍ត្រឹមត្រូវដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ ក្នុងឱកាសអបអរសាទរខួបនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនេះ ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានផ្តល់ការគាំទ្រ និងសហប្រតិបត្តិការដល់យើងខ្ញុំ ព្រមទាំងសូមជូនពរឱ្យមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏កក់ក្តៅរវាងប្រទេសឡាវ និងព្រះរាជាណាចក្រកម្ពុជា ត្រូវបានពង្រឹងពង្រីក និងទទួលបានផ្លែផ្កាបន្ថែមទៀតសម្រាប់ឆ្នាំខាងមុខ ដើម្បីផលប្រយោជន៍ដល់ប្រជាជននៃប្រ ទេសទាំងពីរ ព្រមទាំងសម្រាប់កិច្ចសហប្រតិបត្តិការ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍៕