(ភ្នំពេញ)៖ ស្ត្រីវ័យក្មេងម្នាក់បានរងនូវការរលាកដោយអណ្ដាតភ្លើងធ្ងន់ធ្ងរគួរសម ព្រោះតែរូបនាងបានព្យាយាមរារាំងការអនុវត្តន៍សាលដីកាស្ថាពររបស់តុលាការកំពូល ដែលរឹបអូសយកផ្ទះ ដែលរូបនាង និងក្រុមគ្រួសារកំពុងរស់នៅ ទៅអោយអ្នកឈ្នះក្ដីបន្ទាប់មានការប្ដឹងផ្ដល់គ្នាអស់ជាយូរឆ្នាំរួចមក ដោយសារតែនាងបានយកប្រេងសាំងចាក់ទៅលើកង់ឡាន និងដបហ្គាសហើយដុតបណ្ដាលអោយឆាបឆេះឡើង ក្រោមហេតុផល ដែលនាងអះអាងថាការកាត់ក្ដីមិនមានភាពយុត្តិធម៌ សម្រាប់ក្រុមគ្រួសារនាងដែលជាជនក្រីក្រ ខណៈភាគីឈ្នះក្ដីគឺជាអ្នកមានទ្រព្យនោះ។
ការចុះអនុវត្តសាលដីការបស់តុលាការកំពូលនេះបានប្រព្រឹត្តទៅ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះខណៈគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងខណ្ឌ ចុះអនុវត្តសាលដីកានៅចំណុចដីឡូតិ៍លេខ៩៧B ផ្លូវ១០៨ ក្រុមទី១៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាលទ្ធផលធ្វើឲ្យភាគីខាងចាញ់ក្ដីយកកង់ឡានចាក់ប្រេង ដាក់កំប៉ុងហ្គាសដាក់ដុតក្នុងផ្ទះ បណ្ដាលឲ្យឆាបឆេះរងរបួសខ្លូនឯង ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនភាគីចាញ់ក្ដីដែលរារាំងការអនុវត្តសាលដីការនេះចំនួន៣នាក់ យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌដូនពេញផងដែរ ។
បើតាមប្រភពព័ត៍មានពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ការចុះអនុវត្តសាលដីការដ្ឋប្បវេណីលេខ៤៤ ចុះថ្ងៃទី១ ខែ កុម្ភះ ឆ្នាំ២០០៧ របស់តុលាការកំពូលនេះ ដឹកនាំដោយលោកស្រីសឺុ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ ហើយពេលចុះដល់ទីតាំងខាងលើនេះ គឺអាជ្ញាធរបានអានសាលដីកា ឲ្យអ្នកចូលរួមទាំងអស់ស្ដាប់ឃើញថាពុំឃើញមានវត្តមានកូនបំណុលឈ្មោះ សឹុង មុន្នី នៅទីនេះទេ គឺឃើញតែកូនស្រីរបស់គាត់ចំនួន៣នាក់ ទី១ឈ្មោះ សឹុង សំណាង និងសឹុង សុីណា ព្រមទាំងប្តីជាអនិកជនខ្មែរនៅសហរដ្ឋអាមេរិក ហើយគណៈកម្មការក៏បានសំណូមពរ និងចរចាឲ្យអ្នកទាំងអស់នោះចូលរួមអនុវត្តដោយស្ម័គ្រចិត្ត ។ ប៉ុន្តែផ្ទុយទៅវិញឈ្មោះសឹុង សំណាង មិនត្រឹមតែមិនអនុវត្តតាមសំណូមពរខាងលើនេះទេ ថែមទាំងបានឈរនៅមុខផ្ទះដើម្បីរារាំសមត្ថកិច្ចមិនឲ្យអនុវត្ត ។ចំណែកឯឈ្មោះសឹុង សុីណានិងប្តីបានដើរចេញមកមុខផ្ទះ រីឯឈ្មោះសុឹង សូណេ និងឈ្មោះសឹុង រតនា នៅក្នុងផ្ទះចាក់សោរបិទជិត រួចក៏បានធ្វើសកម្មភាព ចាក់សាំងចូលក្នុងធុងហ្គាសចំនួន២ធុង និងចាក់ចូលក្នុងកង់ឡាន ត្រៀមទុករួចជាស្រេច។ ពេលសមត្ថកិច្ចកំពុងអនុវត្តនោះ ស្រាប់តែភាគីខាងកូនបំណុលបានចាក់សាំងដុតធុងហ្គាស ធ្វើឲ្យផ្ទុះឆេះយ៉ាងខ្លាំង រួចក៏បានរត់គេចខ្លួនទៅនៅផ្ទះមួយទៀតដែលនៅក្បែរនោះ ។ ចំណែកផ្ទះដែលឆេះ ត្រូវបានកម្លាំងនគរបាលពន្លត់អគ្គីភ័យបាញ់ទឹកអន្តរាគមន៍ទាន់ពេលវេលា ។ ចំណែកឯឈ្មោះសឹុង រតនា ដែលជាអ្នកដុត បានរងរបួសពីការរលាកភ្លើងរបកស្បែកពេញដៃពេញជើង និងដងខ្លួនមួយចំនួន។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចបានចូលទៅចាប់ជនបង្កហេតុទាំងអស់នោះ រួចបានបញ្ចូនស្រី្តរងគ្រោះឈ្មោះ សឹុង រតនា ដែលរបួសរលាកពេញខ្លួននោះ ទៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ និងម្នាក់ទៀតបញ្ជូនទៅសាលាខណ្ឌដូនពេញ ។ ដោយឡែកឈ្មោះ សឹុង សំណាង និងឈ្មោះ សឹុង សីុណា ព្រមទាំងប្តីត្រូវបាននាំខ្លួនទៅសួរនាំផងដែរ ។
ក្រោយពីបានអនុវត្តចប់សព្វគ្រប់អស់ហើយ គណៈកម្មការ បានសម្រេចអនុវត្តតាមសាលដីការដ្ឋប្បវេណីលេខ៤៤ ចុះថ្ងៃទី១ ខែ កុម្ភះ ឆ្នាំ២០០៧ របស់តុលាការកំពូល ដោយប្រគល់ដីឡូតិ៍ និងផ្ទះលេខ៩៧B ផ្លូវ១០៨ ក្រុមទី១៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឲ្យទៅឈ្មោះ សឹុម ឡង គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិ ដោយមានអ្នកស្រី ទី គឹមស្រ៊ាន ជាមេធាវីដោយអាណត្តិធ្វើជាតំណាង។
គេមិនបានដឹងសាវតាលំអិតនៃរឿងក្ដី ដែលនាំអោយមានការចុះអនុវត្តសាលដីការហូតឈានដល់ការចាក់សាំងដុតបណ្ដាលអោយឆាបឆេះ រលាករលួយភាគីអ្នកចាញ់ក្ដីខាងលើនេះឡើយ តែតាមអ្នកឈរមើលហេតុការណ៍ បាននាំគ្នានិយាយថា ប្រហែលការកាត់ក្ដីមានភាពអយុត្តិធម៌ខ្លាំងហើយមើលទៅបានជាភាគីអ្នកចាញ់ក្ដីហ៊ានចាក់សាំងដុតរហូតឆាបឆេះខ្លួនឯងបែបនេះ៕