(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើការព្រមានចាត់វិធានការ តាមផ្លូវច្បាប់ដល់ជនទាំងឡាយណា ដែលកេងប្រវ័ញ្ចកម្លាំងពលកម្មលើជនពិការ, នេះបើយោងតាមការលើកឡើង របស់លោកអគ្គលេខាធិការ ដ៏សកម្មលើការងារជនពិការរូបនោះ នៅក្នុងកិច្ចប្រជុំជាមួយអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស។

ការថ្លែងព្រមានរបស់លោកអគ្គលេខាធិការវ័យក្មេងរូបនោះ ធ្វើឡើងដោយបានដឹងថា កន្លងមកមានឈ្មួញនៅពីក្រោយខ្នង ក្រុមតន្រ្តីជនពិការ ដែលឈ្មួញទាំងនោះជាជនពិការផង និងជនមិនពិការផង ព្រមទាំងជាម្ចាស់ជួលឧបករណ៍តន្រ្តី ដែលបាននិងកំពុងប្រើបា្រស់រូបភាព ឲ្យក្រុមតន្រ្តីជនពិការ សម្តែងនៅតាមទីសាធារណៈដើម្បីរ៉ៃអង្គាសប្រាក់ យកទៅឲ្យពួកគេជាថ្នូរ នៃកម្រៃពី ៨០.០០០រៀល ទៅ១០០.០០០រៀលក្នុងមួយថ្ងៃ ទៅឲ្យជនពិការម្នាក់ៗ​ ដែលបានប្រគុំតន្រ្តីនៅទីតាំងនីមួយៗ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News ថា សាលារាជធានីភ្នំពេញ និងក្រុមប្រឹក្សាសកម្មភាពជនពិការ បានឯកភាពសម្រេចមិនឲ្យបងប្អូនជនពិការ ប្រគុំតន្រ្តីរៃអង្គាសប្រាក់ នៅតាមភ្លើងស្តុបទៀតនោះទេ ដើម្បីរក្សាសណ្តាប់ធ្នាប់តាមទីសាធារណៈ ប៉ុន្តែនឹងជួយរៀបចំបណ្តុះបណ្តាល និងជួយរកការងារឲ្យបងប្អូនជាជនពិការធ្វើ នៅតាមទីកន្លែងសមរម្យ ដើម្បីជី​វភាពរស់នៅថ្លៃថ្នូរប្រសើរជាង។

ការសម្រេចមិនអនុញ្ញាតឲ្យបងប្អូនជនពិការ ប្រគុំតន្រ្តីនៅតាមភ្លើងស្តុបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាង លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្រ្តីមួយចំនួនផងដែរ នៅសាលារាជធានីភ្នំពេញ៕