(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អញ្ជើញចូលរួមពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព ក្រុមការងារស្រុកប្រាសាទបាគង ចំណុះក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ឃឹម ប៊ុនសុង បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវ នូវគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងក្រោមកិច្ចខិតខំប្រឹងប្រែង របស់ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប បានអនុវត្តយ៉ាងសកម្មជាមួយ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដោយក្នុងឆ្នាំ២០១៥កន្លងទៅនេះ បានរៀបចំវេទិកាសាធារណៈ ចំនួន៥២លើក ដែលមានសមាសភាព ចូលរួមសរុបចំនួន១៥៤៨១នាក់ ស្រី៦៣៣៧នាក់។
លោកអភិបាលខេត្តបានបញ្ជាក់ទៀថា ការកែសម្រួលសមាសភាព ក្រុមការងារស្រុកប្រាសាទបាគង ចំណុះក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តសៀមរាប មានសមាសភាពចំនួន៦១នាក់ ដោយលោក ស៊ុំ សំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ ក្រុមការងារថ្នាក់ជាតិ ជាប្រធានក្រុមការងារស្រុកប្រាសាទបាគង៕