(កូរ៉េខាងត្បូង)៖ ចលនាសង្គម Saemaul Undong គឺជាចលនាអភិវឌ្ឍន៍សហគមន៍ ដោយរៀបចំភូមិ ឬសហគមន៍មួយនៅកូរ៉េ បង្កើតឡើងក្នុងបំណង លើកកម្ពស់ ជីវភាពអ្នកភូមិ ដោយផ្អែកទៅលើស្មារតីមនសិការចង់មានចង់បាន, ខ្លួនទីពឹងខ្លួន និងមានកិច្ចសហការល្អជាមួយអ្នកជិតខាង ក៏ដូចជាជាមួយអ្នកភូមិក្បែរខាង ផ្សេងទៀត។
បើនៅខ្មែរយើង គឺការអភិវឌ្ឍន៍សហគមន៍ នៅជនបទតាមលំនាំ «ភូមិមួយ, ផលិតផលមួយ»។ នេះបើតាមការចុះផ្សាយ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។
ស្ថានទូត បាននិងកំពុងតែសិក្សាស្វែងយល់ ឲ្យបានស៊ីជម្រៅនូវគម្រូចលនាដ៏ល្បី និងមានប្រសិទ្ធិភាពនេះ ដែលបានធ្វើឲ្យប្រជាជនកូរ៉េ ហែលឆ្លងផុតពីភាពក្រីក្រ ក្រោយសង្គ្រាម ជាមួយមជ្ឍមណ្ឌល Saemaul Undong សហការជាមួយក្រសួងអភិវឌ្ឍន៍កម្ពុជា ទាំង software និង hardware ធ្វើចលនាឲ្យប្រជាជនយើង នៅមូលដ្ឋានរួមគ្នាអភិវឌ្ឍន៍ភូមិរបស់យើងដោយខ្លួនឯង ដោយចាត់ទុករាល់ការអភិវឌ្ឍន៍ក្នុងភូមិយើង ជាកម្មសិទ្ធិរបស់យើង។
ស្ថានទូត សូមទទួលស្វាគមន៍ នូវរាល់ការចូលរួមផ្ដល់នូវធាតុផ្សំទាំងឡាយណា ពាក់ព័ន្ធនឹងចលនាសង្គមមួយនេះ សំដៅចងក្រង នូវគោលនយោបាយ អភិវឌ្ឍន៍ជនបទមួយ ដែលឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង នៅប្រទេសយើង ពីគ្រប់ពលរដ្ឋខ្មែរយើងនៅកូរ៉េនេះ ដូចជានិស្សិតយើងខ្លះ កំពុងសិក្សា ផ្នែកអភិវឌ្ឍន៍ជនបទនៅកូរ៉េ៕