(មណ្ឌលគិរី)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ តុលាការខេត្តមណ្ឌលគីរីនឹងប្រកាសសាលក្រម លើសំណុំរឿងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី គឺលោក យន់ សារ៉ោម ក្នុងករណីពាក់ព័ន្ធ «លួចឈូសឆាយរំលោភយកដីព្រៃសហគមន៍» ដែនជម្រកសត្វព្រៃស្រុកកែវសីម៉ា ស្ថិតនៅភូមិស្រែអ៉ី សង្កាត់រម្យនា ក្រុងសែនមនោរម្យ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន អស់ប្រមាណ ២៣ហិកតា។ នេះបើតាមមន្ត្រីតុលាការ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។
ការប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែធ្នូ ធ្វើឡើងបន្ទាប់ពីតុលាការខេត្តមណ្ឌលគីរី បានលើកយកសំណុំរឿងមិនប្ដឹងបរិហារបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសារធារណៈជាអាទិ៍ ដែលបានប្រព្រឹត្តទៅនៅភូមិស្រែអ៉ី សង្កាត់រមនា ក្រុងសែនមនោរម្យ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានលោក យន់ សារ៉ោម ជាជនជាប់ចោទ មកបើកសវនាការជំនុំជម្រះ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
មន្ត្រីតុលាការ បានឲ្យដឹងថា សវនាការនេះ មានលោក ញាណ សុវណ្ណ ជាចៅក្រមជំនុំជម្រះ, លោក មាស វឌ្ឍនា ជាតំណាងអយ្យការ និងលោក ឃិន ចាន់រ័ត្ន ជាក្រឡាបញ្ជីសវនាការ។ ក្រោយការសួរដេញដោលជនជាប់ពាក់ព័ន្ធនឹងសាក្សី តែអវត្តមានលោក យន់ សារ៉ោម តាមនីតិវិធីរួចហើយ តុលាការបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
ការចោទប្រកាន់លោក យន់ សារ៉ោម បានកើតឡើងបន្ទាប់ពីមានពាក្យបណ្តឹងជាច្រើនលើរូបលោក ករណីឈូសឆាយរំលោភយកដីព្រៃសហគមន៍ ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅភូមិស្រែអ៉ី សង្កាត់រម្យនា ក្រុងសែនមនោរម្យ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនអស់ ២៣ហិកតា ដោយមានរបាយការណ៍របស់គណៈកម្មការ។ បទល្មើសនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលរកឃើញថាលោក យន់ សារ៉ោម ពិតជាបានរំលោភយកដីព្រៃសហគមន៍អស់ ២៣ហិកតាប្រាកដមែន។
យោងតាមមាត្រា៥២៨ នៃក្រមព្រហ្មទណ្ឌ បានចែងថា បើអ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតមិនប្ដឹងបរិហារបទឧក្រិដ្ឋ ឬបទមជ្ឈឹមទៅអាជ្ញាធរសមត្ថកិច្ចអយ្យការទេ ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល៕