Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជើងព្រៃ ខេត្តកំពង់ចាម ច្រានចោលព័ត៌មានប្រឌិតថា មានអ្នកកើតជំងឺកូវីដ-១៩ នៅឃុំសូទិប ក្រោយពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»

01-12-2020 12:05

(កំពង់ចាម)៖ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជើងព្រៃ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលប្រឌិតថា មានករណីវិជ្ជមានជំងឺកូវីដ-១៩ នៅភូមិប៉ាណា ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។ នេះបើតាមលិខិតបដិសេធ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែធ្នូ។

ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជើងព្រៃ បានអះអាងថា ពិតជាមានអ្នកមកពិនិត្យសំណាកប្រាកដមែន ដោយហេតុថា គាត់មានការពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ប៉ុន្ដែរហូតមកដល់ពេលនេះ កំពុងរង់ចាំលទ្ធផលសំណាកពីវិទ្យាស្ថានសុខភាពសាធារណៈ ដោយមិនទាន់សន្និដ្ឋានបានថា គាត់វិជ្ជមាន ឬអវិជ្ជមាននោះទេ។

បន្ថែមពីនេះ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជើងព្រៃ សូមឲ្យម្ចាស់គណនី Facebook ដែលបង្ហោះសារជាសំឡេងតាម Messager ធ្វើការសុំទោសជាសាធារណៈនូវទង្វើ និងពាក្យសម្ដីរបស់ខ្លួនដែលបានចែកចាយ នាំឲ្យមានការយល់ច្រឡំ និងបង្កចលាចលនៅក្នុងសង្គម។

គួរជម្រាបថា ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបបានចំនួន ២,៦២១នាក់ (ក្នុងចំនួននេះមាន រាជធានីភ្នំពេញ ២,១៣១នាក់) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ដូច្នេះចំនួនសរុបដែលបានធ្វើតេស្ត នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤,៨៦៩នាក់ ដែលនៅក្នុងចំនួននេះ លទ្ធផលតេស្តបានបង្ហាញ ថាមានអ្នក វិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន១៧នាក់ (ក្នុងចំនួននេះ មានទាំងករណីវិជ្ជមានវីរុសកូវីដ- ១៩ ថ្មី ចំនួន០៣នាក់ខាងលើនេះដែរ) ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា!។ រីឯចំនួននៅសល់ ៤.៨៥២នាក់ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់៕