(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្តល់ការបំពាក់សម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ជូនដល់សាលាពលទាហានទាំង៦យោធភូមិភាគ ដោយក្នុងមួយអង្គភាពទទួលបាន កុំព្យូទ័រ ចំនួន ០៦គ្រឿង, កុំព្យូទ័រលើតុ ចំនួន ១៤គ្រឿង, ម៉ាស៊ិនព្រីនធ័រ ចំនួន ១៣គ្រឿង, ម៉ាស៊ីនកូពីខ្នាតធំ ចំនួន ០១គ្រឿង, ម៉ាស៊ីនស្លាយ ចំនួន ០៦គ្រឿង, ក្តាខៀនចល័ត ចំនួន១៨ផ្ទាំង, តុការិយាល័យ ចំនួន១១, តុដាក់កុំព្យូទ័រ ចំនួន១៤ និងទូដាក់ឯកសារ ចំនួន០៣។
ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមទីតាំងផ្ទាល់ ដែលមានការអញ្ជើញចូលរួមពីតំណាងរបស់អង្គភាពទាំង៦ ជាមួយក្រុមការងារជំនួយការមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងផ្នែក ពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ការផ្តល់ជូនគ្រឿងបំពាក់ជូនសាលាយោធា និងសម្ភារផ្សេងៗ ទៅដល់បណ្តាអង្គភាពនីមួយៗ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់គិតគូរលើកិច្ចការងារ របស់ទ័ពជាទូទៅ ដែលកន្លងមក មេបញ្ជាការ កងទ័ពជើងគោក តែងតែបានធ្វើការផ្តល់ជូនជាបន្តបន្ទាប់ដល់បណ្តាអង្គភាពចំណុះនីមួយៗ។
ការឧបត្ថម្ភគ្រឿងបរិក្ខាការិយាល័យទាំងនេះ ក៏សំដៅបង្កលក្ខណៈងាយស្រួល បង្កើនប្រសិទ្ធភាពការងារ បំពេញដល់ការខ្វះខាតចាំបាច់ ដែលឆ្លើយតបដល់កិច្ចការងារបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នងការពារជាតិមាតុភូមិ។
នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងសាលាពលទាហានទាំង៦យោធភូមិភាគ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ ឯកមេបញ្ជាការ កងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់អង្គភាព ព្រមទាំងបានសន្យាថា និងខិតខំថែរក្សាសម្ភារទាំងនេះឱ្យបានល្អ និងប្រើប្រាស់បម្រើដល់កិច្ចការងារអង្គភាពប្រកបដោយប្រសិទ្ធភាពបំផុត៕