(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានក្រុមការងារស្រាវជ្រាវកិច្ចការព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងអះអាងថា តំបន់ ថ្ម៣ដុំ ដែលស្ថិតនៅភូមិថ្ម៣ដុំ ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ គឺនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជា មិនមែនគ្រប់គ្រងដោយវៀតណាម ដូចការលើកឡើងរបស់បណ្តាញព័ត៌មាន និងអ្នកនយោបាយនោះឡើយ។
បន្ទាប់ពីមានការលើកឡើងរបស់បណ្តាញព័ត៌មាន រួមនិងអ្នកនយោបាយមួយចំនួនថា តំបន់ថ្ម៣ដុំ ត្រូវបានអាជ្ញាធរវៀតណាមគ្រប់ គ្រង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ លោកបណ្ឌិត សុខ ទូច បានដឹកនាំក្រុមការងាររបស់លោក អាជ្ញាធរដែនដី រួមនិងអ្នកព័ត៌មានផងដែរ បានចុះទៅពិនិត្យដល់តំបន់ថ្ម៣ដុំ ដោយផ្ទាល់តែម្តង។
លោកបណ្ឌិត សុខ ទូច បានអះអាងថា មានតឹកតាងចំនួន៥ ដែលបញ្ជាក់ថា តំបន់ថ្ម៣ដុំ ស្ថិតនៅលើទឹកដីខ្មែរ និងគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា។ តឹងតាងទាំង៥នោះ រួមមាន៖
ទី១. គឺផ្សាររបស់ខ្មែរនៅទីនោះ មានឈ្មោះថាផ្សារថ្ម៣ដុំ,
ទី២‑ កាស៊ីណូលើទឹកដីខ្មែរ នៅទីនោះឈ្មោះថា កាស៊ីណូថ្ម៣ដុំ,
ទី៣‑ មានភូមិប្រជាពលរដ្ឋខ្មែរនៅទីនោះ ឈ្មោះថា ភូមិថ្ម៣ដុំ,
ទី៤- មានទីសក្ការៈបូជានៅទីនោះ ហៅថាអ្នកតាថ្ម៣ដុំ
ទី៥- មានប៉ុស្តិ៍នគរបាលកម្ពុជានៅទីនោះ ដែលមានឈ្មោះថាស្នាក់ការត្រួតពិនិត្យថ្ម៣ដុំ។
ក្រោយបានពិនិត្យមើលឃើញថា តំបន់ថ្ម៣ដុំ មិនបានគ្រប់គ្រងអាជ្ញាធរវៀតណាម ដូចការលើកឡើងរបស់អ្នកនយោបាយ និងបណ្តាញព័ត៌មានមួយចំនួនហើយនោះ លោក សុខ ទូច បានអំពាវនាវដល់អ្នកនយោបាយ កុំឲ្យព្យាយាមយកបញ្ហាព្រំដែនទៅធ្វើជាល្បែង នយោបាយ ដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជាតិ។
សូមទស្សនាសកម្មភាពរបស់លោក សុខ ទូច ចុះទៅកាន់តំបន់ថ្មី៣ដុំ ក៏ដូចជាការអះអាងរបស់លោក៖ (ផ្សាយចាប់នៅម៉ោង១៣៖០០នាទី)