(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការបំពេញការងារ នៅក្នុងអគ្គនាយកដ្ឋានពន្ធនាគារ រហូតមានការជូនដំណឹងជាថ្មី។ នេះបើតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បទបញ្ជានេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្អាកជាបណ្តោះអាសន្ន នូវការបំពេញការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតដល់មានការជូនដំណឹងជាថ្មី។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវបន្តបំពេញការងារ ពីចម្ងាយតាមរយៈអនឡាញ»។
ចំណែកថ្នាក់ដឹកនាំ មន្ត្រី និងអនុរក្សពន្ធនាគារ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស លើកលែងតែអ្នកដែលកំពុងធ្វើចត្តាឡីស័ក ត្រូវបន្តបំពេញការងារជាធម្មតា ដោយត្រូវលើកកម្ពស់ការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពឲ្យហ្មត់ចត់ ជាមួយនឹងការបន្តការអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះទីស្តីការក្រសួងមហាផ្ទៃ ត្រូវបន្តបំពេញការងារជាធម្មតា លើកលែងតែអ្នកដែលកំពុងតែធ្វើចត្តាឡីស័ក។ ទន្ទឹមនេះ ដើម្បីលើកកម្ពស់ការអនុវត្តវិធានការនានាក្នុងការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពទាំងនោះ រដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយក និងប្រធានអង្គភាព ត្រូវពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយត្រូវចាត់តាំងឲ្យមានការវាស់កម្តៅ និងលាងដៃជាមួយទឹកអាល់កុល ឬអាល់កុលជែល មុនពេលចូលធ្វើការ ពាក់ម៉ាសឲ្យបានត្រឹមត្រូវ ការរក្សាគម្លាត សុវត្ថិភាពបុគ្គល និងកាត់បន្ថយការជួបជុំជាដើម។
គួរជម្រាបថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារ អគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ។ ដោយសារតែករណីឆ្លងកូវីដថ្មីលើកនេះ មិនមានប្រភពច្បាស់លាស់ថាចេញមកពីណានោះ ទើបសម្តេចតេជោ ហ៊ុន សែន ហៅករណីនេះថា ជាព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់ ១៤នាក់។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ ១៩នាក់ សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕