(ព្រះវិហារ)៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២០នេះ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ពេញមួយខែវិច្ឆិកា ឆ្នាំ២០២០នេះ មានឧបករណ៍នេសាទល្មើសច្បាប់ចំនួន២០ករណី វត្ថុតាងមួយចំនួន ត្រូវបានធ្វើការបង្រ្កាប និងរឹបអូសនៅតាមដងស្ទឹងសែន។
ប្រធានមន្ទីររូនេះ បានឱ្យដឹងថា ក្នុងចន្លោះខែវិច្ឆិកា ឆ្នាំ២០២០នេះ មន្ត្រីខណ្ឌជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានសហការជាមួយមន្ត្រីនគរបាលមូលដ្ឋាន ចុះធ្វើអធិការកិច្ចត្រួតពិនិត្យបង្រ្កាបទប់ស្កាត់បទល្មើសជលផលនៅតាមដងស្ទឹងសែន និងធ្វើអង្កេតលើឧបករណ៍នេសាទ ដោយប្រើប្រាស់តាមកម្មវិធី (SMART TOOLS)។
លោក ពឹង ទ្រីដា បានបន្តថា ជាលទ្ធផលបានរកឃើញឧបករណ៍នេសាទមានលក្ខណស្របច្បាប់ចំនួន ១៤២ឧបករណ៍ ស្មើនឹង ៣៨ករណី និងឧបករណ៍េសាទល្មើសច្បាប់ចំនួន ២២ឧបករណ៍ ស្មើនឹង២០ករណី រួមមាន៖ ឧបករណ៍ដាយត្រី ១គ្រឿង ប្រវែង៧ម៉ែត្រ ឧបករណ៍លបកន្ទុយចំនួន ២គ្រឿង ប្រវែង៣៤ម៉ែត្រ ឧបករណ៍ឆក់ត្រី៦គ្រឿង ឧបករណ៍របាំងរាវព្រួល និងលូស្បៃមុងចំនួន១៤មាត់ (របាំងរាវ និងលូស្បៃមុងប្រវែង ៣៩០ម៉ែត្រ បង្គោលចំរឹងឫស្សី៦៥ដើម និងប្រលែងកូនត្រីចម្រុះ ១២គីឡូក្រាមស្មើ១៣អង្កេត។
លោក ពឹង ទ្រីដា បានបញ្ជាក់ថា ចំពោះឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះ ត្រូវបានធ្វើការដកហូត និងយកទៅកំទេចចោលផងដែរ។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលមានមុខរបរនេសាទត្រី ត្រូវចូលរួមថែរក្សាធនធានមច្ឆាជាតិឱ្យបានគង់វង្ស ដោយឈប់ប្រើឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ ដែលធ្វើឱ្យពូជត្រីឆាប់បាត់បង់ ពិសេសធ្វើឱ្យខ្លួនយើងប្រឈមមុខនឹងផ្លូវច្បាប់ទៀតផង៕