(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញចេញណែនាំចំនួន ៥ចំណុច ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ក្នុងដំណាក់កាលនៃព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។ នេះបើយោងតាមសេចក្តីណែនាំរបស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី៣០ ខែវិច្ឆិកានេះ។
សេចក្តីណែនាំទាំង ៥ចំណុចរបស់ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់រួមមាន៖
*ទី១៖ យោធិននៃកងឯកភាព និងស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ដែលមិនមានការចាំបាច់ត្រូវអនុញ្ញាតឱ្យធ្វើការនៅផ្ទះ។
*ទី២៖ ទីតាំងឈរជើងកងទ័ព និងសាលាត្រូវគ្រប់គ្រងកម្លាំងឱ្យបានល្អ និងអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការការពារជំងឺកូវីដ-១៩ ដូចជាការវាស់កម្តៅនៅគ្រប់ច្រកចេញ-ចូលអង្គភាព ការបាញ់ថ្នាំសម្លាប់មេរោគនៅ ក្នុងបន្ទាយ បន្ទប់ប្រជុំ ឬបន្ទប់ធ្វើការ ពាក់ម៉ាស់ លាងសម្អាតដៃនឹងអាល់កុល ឬសាប៊ូជាប់ជាប្រចាំ រក្សាគម្លាតសុវត្ថិភាពសង្គម និងផ្អាកការប្រមូលផ្ដុំដែលមិនចាំបាច់។
*ទី៣៖ យោធិនដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ត្រូវយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក្កឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងករណីយោធិន មិនបានធ្វើចត្តាឡីស័ក្កឱ្យបានត្រឹមត្រូវនឹងត្រូវអនុវត្តបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ។
*ទី៤៖ គ្រប់កងឯកភាព និងស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវត្រៀមកម្លាំង ទាំងកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា។
ទី៥៖ ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អ្នកចំណាកស្រុកអនុវត្តឱ្យបានម៉ឺងម៉ាត់ ចំពោះការធ្វើចត្តាឡីស័ក្ក និងរួមគ្នាពង្រឹងវិធានការការពារជំងឺកូវីដ-១៩ តាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់ក្រសួងសុខាភិបាល៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖