(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ថ្ងៃទី១នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) បានដំណើរការដោយរលូនល្អ។
នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ការប្រឡងនឹងបន្តមួយថ្ងៃទៀត ដែលជាថ្ងៃចុងក្រោយ។
លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ដំណើរការប្រឡងឌីប្លូម នាថ្ងៃទី៣០ វិច្ឆិកា ២០២០ បានប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក នៅគ្រឹះស្ថានសិក្សាទូទាំង២៥ខេត្ត-រាជធានី។ ជារួមក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ បានអនុវត្តវិធានការសុវត្ថិភាព សុខភាពខ្ជាប់ខ្ជាន់, មេប្រយោគកំពុងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់, គ្មានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ និងបេក្ខជនអវត្តមានមួយចំនួនតូច ដូចឆ្នាំកន្លងមកដែរ។ ការប្រឡងឌីប្លូមនឹងប្រព្រឹត្តិទៅមួយថ្ងៃទៀត នាថ្ងៃទី០១ ធ្នូ ២០២០ តាមការគ្រោងទុក»។
សូមជម្រាបថា ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ ប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។ ការប្រឡងឌីប្លូម នៅថ្ងៃនេះ មានសាលារដ្ឋទាំងអស់ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ហើយសាលាឯកជនមួយចំនួនទៀត បានប្រឡងកាលពីសម័យប្រឡង ០៣ សីហា ២០២០រួចហើយ៕