(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួមក្នុងសម័យប្រជុំពិសេសថ្នាក់ប្រមុខរាជ/រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយសារជំងឺរាតត្បាតសកល បានសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់ រាំងខ្ទប់ដង្ហើមសេដ្ឋកិច្ចពិភពលោក បង្អាក់ការធ្វើពាណិជ្ជកម្មរវាងប្រទេស និងប្រទេស ធ្វើឱ្យខូចខាតដល់វិស័យទេសចរណ៍អន្តរជាតិ និងបង្កផលប៉ះពាល់ដល់វិស័យសុខាភិបាលពិភពលោក សម័យប្រជុំពិសេសថ្នាក់ប្រមុខរាជ/រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិនេះ មានគោលបំណងជំរុញការអនុវត្តវិធានការឆ្លើយតបជារួម ក្នុងសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល កូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ។
នៅក្នុងសុន្ទរកថាគន្លឹះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្តេជ្ញា ចិត្តកាន់តែខ្លាំងក្លាជាងមុន ដើម្បីទទួលបានសាមគ្គីភាព និងឯកភាពតំបន់ និងពិភពលោក ខណៈដែលពហុភាគីនិយមដ៏មានប្រសិទ្ធភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ជាប្រការមិនអាចខ្វះបាន ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកលមួយនេះ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖