(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រហូតមកពេលនេះ មានអ្នកស្លាប់ដោយសារតែពុលស្រាស នៅខេត្តកំពង់ឆ្នាំង បានកើនដល់ចំនួន០៧នាក់ ខណៈដែលមានអ្នកជាសះស្បើយចំនួន៩០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងចំនួន៣១នាក់ និងមន្ទីរពេទ្យកាល់ម៉ែត ៣នាក់ផងដែរ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៤៖០០នាទីរសៀល ករណីសង្ស័យពុលស្រាស សរុបចំនួន ១៣១នាក់ (ស្រី៦នាក់) អ្នកចេញជាសះស្បេីយ ចំនួន៩០នាក់, កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំង បុរសចំនួន ៣១នាក់, សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់, អ្នកស្លាប់ចំនួន ៧នាក់ (នៅមនី្ទរពេទ្យខេត្ត២នាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញ២នាក់, ស្លាប់នៅផ្ទះ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ១នាក់»។

សូមបញ្ជាក់ថា ករណីសង្ស័យពុលស្រាសនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងកម្មវិធីបុណ្យសពមួយ នៅក្នុងភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រីឯនៅក្នុងពិធីបុណ្យសពនោះដែរ ក៏មានការជួបជុំពិសារស្រាស និងមានការទទួលទានបាយសម្ល និងទឹកជាធម្មតា ទៅតាមលក្ខណៈប្រពៃណីខ្មែរយើង ក្នុងពិធីបុណ្យសពនីមួយៗ។

ដោយឡែកស្ត្រីម្នាក់រស់នៅក្នុងភូមិបឹងស្ទេង ឃុំខ្នុងពពក ស្រុកទឹកផុស ដែលប្ដីរបស់គាត់បានស្លាប់នៅក្នុងហេតុការណ៍ខាងលើនេះដែរ បានប្រាប់ឱ្យដឹងដែរថា នៅពេលដែលប្ដីរបស់គាត់បានត្រឡប់មកពីចូលរួមក្នុងពិធីបុណ្យសពនៅក្នុងភូមិវិញ ប្ដីរបស់គាត់ក៏បានពោលប្រាប់គាត់ថា គាត់ហាក់មានអាការៈណែនទ្រូង ឈឺក្បាល និងមានក្អួតចង្អោរទៀតផង ពេលឃើញដូច្នេះ គាត់ក៏បានស្រូតរូតនាំប្តីរបស់គាត់ទៅមណ្ឌលសុខភាពភ្លាមៗដែរ។ តែដោយប្ដីរបស់គាត់មានអាការៈធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង២ រំលងអធ្រាត្រថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរស៣នាក់ ដែលជាអ្នកបិតស្រាស យកមកធ្វើការសាកសួរនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយរង់ចាំចំណាត់ការបន្តប្រសិនបើរកឃើញថា មានការពាក់ព័ន្ធទៅនឹងហេតុការណ៍ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ នៅក្នុងស្រុកទឹកផុសខាងលើនេះ៕