(កំពង់ឆ្នាំង)៖ ដោយទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌល កំពង់ឆ្នាំង លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ កើតឡើងពីសណ្តានចិត្តដ៏ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង ទៅចែកជូនដល់បងប្អូន ប្រជាពលរដ្ឋជាជនរងគ្រោះក្នុងករណីពុលស្រា.ស ស្ថិតនៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ការចែកអំណោយបានធ្វើឡើង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ រួមសកម្មភាពដោយ លោក ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង។ ជនរងគ្រោះ ដែលពុលស្រា.ស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចំនួន ១២៩ នាក់ បណ្តាលឲ្យស្លាប់ចំនួន ៨ នាក់ អ្នករងគ្រោះចំនួន ៣១ នាក់ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងបានជាសះស្បើយចេញពីមន្ទីរពេទ្យចំនួន ៩០នាក់។
ក្នុងឱកាសនោះ លោក គុយ សុផល បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់ មូលដ្ឋានដែលបងប្អូនកំពុងរស់នៅក្នុងឃុំខ្លុងពពក ស្រុកទឹកផុស និងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ លោកបានជំរាបជូនអំពីសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចចៅហ្វាវាំង គង់ សំអុល ដោយសម្តេចចៅហ្វាវាំង សូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយដ៏ជ្រាលជ្រៅ ជាមួយនឹងក្រុមគ្រួសារនៃសពជនរងគ្រោះ ព្រមទាំងបងប្អូនជនរងគ្រោះទាំងអស់ ដែលបានជួបប្រទះនូវអកុសលបែបនេះ។
សម្តេចចៅហ្វាវាំង បានជូនពរជ័យ ដល់បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យគ្រប់រូប សូមឆាប់បានជាសះស្បោយ ដើម្បីបានវិលត្រឡប់ទៅគេហដ្ឋាន និងបានប្រកបរបរចញ្ចឹមជីវិតជាបន្តទៅទៀត។
អំណោយ សម្តេចចៅហ្វាវាំង ដែលលោក គុយ សុផល បានចែកជូនដល់គ្រួសារបងប្អូនអ្នកស្លាប់ចំនួន ៨នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករចំនួន ១ បាវ ស្មើនឹង ៥០ គីឡូក្រាម ឃីតចំនួន ១កញ្ចប់ក្នុងនោះមាន មុង ១ ភួយ១ សារុង ១ ក្រមា ១ និង ថវិកាចំនួន ៥០ ម៉ឺនរៀល។ អំណោយ សម្តេចចៅហ្វាវាំង ចែកជូនសម្រាប់អ្នករងគ្រោះ កំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងចំនួន ៣១ នាក់ និង ជនរងគ្រោះដែលបានធូរស្បើយចេញពីមន្ទីរពេទ្យ ចំនួន ៩០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីតចំនួន ១កញ្ចប់ក្នុងនោះមាន មុង ១ ភួយ១ សារុង ១ ក្រមា ១ និង ថវិកាចំនួន ២០ ម៉ឺនរៀល។
នេះជាសណ្តានចិត្តស្នេហាជាតិដ៏ប្រសើរថ្លៃថ្លាថ្មីមួយទៀតរបស់ សម្តេចចៅហ្វាវាំង ដែលតែងតែបានរួមសុខរួមទុក្ខ ក្នុងភាពខ្ពង់ខ្ពស់ និងស្និតស្នាលជានិច្ច ជាមួយនឹងទុក្ខលំបាក របស់បងប្អូនប្រជារាស្ត្រនៅ ក្នុងខេត្តកំពង់ឆ្នាំង។ ជាក់ស្តែងក្នុងពេលកន្លងទៅនេះ បងប្អូនប្រជារាស្ត្រមានជីវភាពក្រក្សត់ ទទួលរងគ្រោះដោយ ទឹកជំនន់ ខ្យល់ព្យុះ មានជំងឺដង្កាត់ផ្សេងៗ ប្រជារាស្ត្រទទួលរងគ្រោះដោយពុលសុរា គ្រោះថ្នាក់ដោយចរាចរ និងជួបឧបទ្ទេវហេតុផ្សេងៗទៀត តែងតែទទួលបាននូវវត្តមាន និងអំណោយដ៏សប្បុរសថ្លៃថ្លាពីសម្តេចចៅហ្វាវាំង ជួយសម្រាលនូវទុក្ខលំបាករបស់បងប្អូនប្រជារាស្ត្រ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំងបានយ៉ាងទាន់ពេលវេលា។
នៅក្នុងឱកាសនេះដែរ ក្រុមគ្រួសារនៃបងប្អូន ជនរងគ្រោះរហូតដល់ការស្លាប់បាត់បង់ជីវិត និងបងប្អូនរងគ្រោះដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ គ្រប់រូបសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅជូន សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី ដែលបានបន្តការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះ ទុក្ខលំបាករបស់ បងប្អូននៅពេលនេះ និងសូមជូនពរជ័យសិរីមង្គល សូមសម្តេចចៅហ្វាវាំង បានប្រកបតែនឹងព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕