(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ញើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសមិទ្ធិសិក្សា និងការរៀបចំគម្រោង កម្មវិធីជំរុញផលិតកម្មស្បៀង ដែលរៀបចំឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារីភ្នំពេញ។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងដោយមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) ក្រោមការដឹកនាំរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនផងដែរ ។

លោករដ្ឋលេខាធិការ បានថ្លែងថា វិស័យកសិកម្មបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរុញកំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដោយក្នុងនោះវិស័យស្រូវអង្ករ បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការកាត់បន្ថយភាពក្រីក្រ យ៉ាងឆាប់រហ័សនៅកម្ពុជា។ ប៉ុន្តែបច្ចុប្បន្នកំណើនរបស់វិស័យកសិកម្មមានការថមថយ ដែលទាមទារឱ្យមានការគិតគូរពិនិត្យឡើងវិញ នូវគោលនយោបាយ និងការដាក់ចេញនូវយុទ្ធសាស្រ្តថ្មី ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជីវភាពប្រជាជនជារួម ។

លោក វង្សី វិស្សុត បានលើកឡើងថា ការរៀបចំកម្មវិធីជំរុញផលិតកម្មស្បៀងនេះ គឺផ្នែកមួយនៃអន្តរាគមន៍ដោយផ្ទាល់របស់រដ្ឋ ព្រោះនេះជាគម្រោងកម្មវិធីទី១ ដែលរដ្ឋប្រើប្រាស់ហិរញ្ញប្បទានខ្លួនដោយផ្ទាល់ ហើយក៏ជាកម្មវិធីទី១ដែរ ដែលកម្ពុជាគិតគូរ និងរៀបចំដោយខ្លួនឯង ដើម្បីបង្កើនភាពជាម្ចាស់របស់រាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម។

លោក វង្សី វិស្សុត បន្ថែមថា កម្មវិធីជំរុញផលិតកម្មស្បៀងនេះ មានគោលដៅជំរុញផលិតកម្មស្រូវក្រអូប និងបន្លែមួយចំនួនជំនួសឱ្យការនាំចូល តាមរយៈការជំរុញការផលិតពូជស្រូវក្រអូប បន្ថែមឱ្យបានចំនួន ១៥,០០០តោនក្នុងមួយឆ្នាំ និងបង្កើនការដាំដុះបន្លែបន្ថែមឱ្យបានចំនួន ៧០,០០០តោនក្នុងមួយឆ្នាំ នៅក្នុងឆ្នាំ២០១៨។ កម្មវិធីជំរុញផលិតកម្មស្បៀង នៅក្នុងដំណាក់កាលទី១នេះ គ្រោងនឹងត្រូវប្រើប្រាស់ថវិកាជាតិប្រមាណ ២០លានដុល្លារ សម្រាប់រយៈពេល ៣ឆ្នាំ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។ កម្មវិធីនេះអាចនឹងបន្តនៅក្នុងដំណាក់កាលទី២ និងទី៣ បន្តបន្ទាប់ទៀត ហើយអាចពង្រីកវិសាលភាពដល់កសិផលមួយចំនួន ដែលមានឧត្តមភាពប្រៀបធៀប និងមានភាពប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិដូចជា ម្រេច ពោត ដំឡូងមី និងស្វាយចន្ទីជាដើម។

លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលយល់ឃើញថា អន្តរាគមន៍របស់រដ្ឋតាមរយៈគម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងនេះ នឹងមិនធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់គោលការណ៍ និងប្រតិបត្តិការនៅក្នុងទីផ្សារសេរីនោះទេ ប៉ុន្តែផ្ទុយទៅវិញ នឹងជួយបំពេញកង្វះខាតនៅក្នុងទីផ្សារ និងធានាឱ្យមានភាពស្មើគ្នាក្នុងការប្រកួតប្រជែងរវាងប្រតិបត្តិករទាំងអស់ ទាំងតូចទាំងធំ។

លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ដោយសារប្រទេសកម្ពុជាយើងមានឧត្តមភាពខ្ពស់ នៅក្នុងការផលិតស្រូវអង្ករក្រអូប ដែលមានគុណភាពខ្ពស់ រាជរដ្ឋាភិបាលមានបំណងជំរុញបន្ថែមនូវផលិតកម្មស្រូវក្រអូបនេះ ទាំងស្រូវក្រអូបប្រកាន់រដូវ និងមិនប្រកាន់រដូវ ដើម្បីបង្កើនបរិមាណផលិតកម្មស្រូវក្រអូប និងបង្កើនការនាំចេញអង្ករក្រអូបបន្ថែមទៀត ទៅកាន់ទីផ្សារអន្តរជាតិ ។ ក្នុងន័យនេះ កម្មវិធីជំរុញផលិតកម្មស្បៀង ពិតជានឹងចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការប្រែក្លាយសក្តានុពលនេះ ឱ្យទៅជាភាពប្រជែងឈ្នះពិតៗ តាមរយៈការបង្កើនការផលិតពូជស្រូវសុទ្ធល្អគ្រាប់ជំនាន់ និងលើកទឹកចិត្តដល់កសិករ ក្នុងការប្រើប្រាស់គ្រាប់ពូជសុទ្ធ ឱ្យបានកាន់តែច្រើនឡើងថែមទៀតនៅទូទាំងប្រទេស។

លោក វង្សី វិស្សុត បន្ថែមទៀតថា បច្ចុប្បន្នផលិតកម្មបន្លែនៅក្នុងប្រទេសកម្ពុជាយើង នៅមានភាពទន់ខ្សោយនៅឡើយ។ ប្រការនេះ បានធ្វើឱ្យកម្ពុជាត្រូវធ្វើការនាំចូលបន្លែ មកពីខាងក្រៅបន្ថែមប្រមាណពី ២០០ ទៅ ៤០០ តោន ក្នុងមួយថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់ស្មើនឹងប្រមាណពី ១៥០ ទៅ ២០០ លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងន័យនេះ ការជំរុញផលិតកម្មបន្លែ ក្រោមកម្មវិធីជំរុញផលិតកម្មស្បៀង មិនត្រឹមតែចូលរួមចំណែកបង្កើនការផលិតបន្លែក្នុងប្រទេសជំនួស ឱ្យការនាំចូលប៉ុណ្ណោះទេ តែថែមទាំងផ្តល់ផលប្រយោជន៍ ដល់កសិករនៅជនបទដែលជាអ្នកដាំដុះ រួមទាំងអ្នកប្រើប្រាស់ដែលរស់នៅក្នុងទីក្រុងផងដែរ តាមរយៈការជំរុញឱ្យមានផលិតបន្លែច្រើនជាងមុន ហើយមានគុណភាព និងសុវត្ថិភាពប្រសើរជាងមុន និងមានថ្លៃថោកជាងមុន។ ប្រការនេះនឹងអាចចូលរួមចំណែកកាត់បន្ថយបន្ទុកចំណាយ ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយផ្នែក ហើយនឹងធ្វើឱ្យកម្រិតអាហារូបត្ថម្ភ និងសុខុមាលភាព របស់ប្រជាពលរដ្ឋយើងកាន់តែមានភាពប្រសើរឡើង៕