(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នាពេលខាងមុខលោកមានគម្រោង ស្ថាបនាចាក់ផ្លូវប៉េតុង នៅជុំវិញផ្សារថ្មីពោធិ៍សាត់ ដើម្បីកែលម្អសោភណ្ឌភាពផ្សារ និងដើម្បីលើកកម្ពស់អនាម័យបរិស្ថានផ្សារឱ្យបានល្អប្រសើរ។
លោកបានបង្ហើបឱ្យដឹងបែបនេះ នៅវេទិកាក្នុងសាលាខេត្ត នាឱកាសទទួលជួបសំណេះសំណាល ជាមួយសប្បុរសជន ដែលនាំយកអំណោយ រួមមានអង្ករ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ទុកសម្រាប់ប្រើប្រាស់ជួយជនរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានឱ្យដឹងទៀតថា ផ្លូវជុំវិញផ្សារថ្មីពោធិ៍សាត់ ពិតជាមានសារសំខាន់ណាស់ សម្រាប់លើកកម្ពស់សោភ័ណភាពក្រុង និងងាយស្រួលឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅទិញទំនិញ ឬលក់ដូរទំនិញផ្សេងៗ។ ដើម្បីរក្សាបាននូវសោភណ្ឌភាព សណ្តាប់ធ្នាប់ និងបញ្ជៀសការកក់ស្ទះចរាចរណ៍ជុំវិញផ្សារពោធិ៍សាត់ លោកសូមស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលមានទីលំនៅ ជុំវិញផ្សារ ឬមានបងប្អូនដែលរស់នៅជុំវិញផ្សារថ្មីពោធិ៍សាត់ ត្រូវធ្វើការណែនាំពួកគាត់ និងធ្វើជាគម្រូមុនគេ ដើម្បីឱ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹក និងមានការចូលរួមទាំងអស់គ្នា មុននឹងអនុវត្តន៍ច្បាប់។
សូមជម្រាបជូនថា បន្ទាប់ពីអាជ្ញាធរក្រុងបានរៀបចំផ្លាស់ប្តូរទីតាំងថ្មី ពីការលក់ដូរពាសវាលពាសកាល មកលក់ដូរឱ្យមានសណ្តាប់ធ្នាប់ នៅផ្សារភួពុយ ដោយឥតគិតថ្លៃ ចន្លោះពី៣ ទៅ៥ឆ្នាំនោះរួចមក នៅមានអាជីវករយើងមួយចំនួន នៅតែរឹងទទឹងចំពោះការផ្លាស់ប្តូរនេះ ព្រោះតែមានការសម្រួល និងផ្តល់ទីតាំងលក់ដូរយ៉ាងអនាធិបតេយ្យ ជាថ្នូរនឹងប្រាក់កម្រៃបន្តិចបន្តួច ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារថ្មីពោធិ៍សាត់៕