(សៀមរាប)៖ ទន្ទឹមនឹងការស្ថាបនា និងកែលម្អផ្លូវ៣៨ខ្សែ ប្រពន្ធលូហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចកែលម្អស្ទឹងសៀមរាប ឱ្យស្រស់បំព្រងផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងពីការកែលម្អស្ទឹងសៀមរាបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ស្ទឹងសៀមរាប ដែលត្រូវកែលម្អនេះមានប្រវែងសរុបជិត ៩គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ ៥លានដុល្លារអាមេរិក។ ថវិកានេះ សល់ពីការសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ។
យោងទៅតាមរូបភាពដែលបានបង្ហាញមាត់ស្ទឹងសៀមរាបនេះ នឹងរៀបចំកែលម្អដោយមានសួនច្បារ ដាំដើមឈើ រំលេចដោយភ្លើងពណ៌ផ្សេងៗផងដែរ។
តាមរយៈរូបប្លង់ដែលបានបង្ហាញ ការកែលម្អនេះ ធ្វើឱ្យស្ទឹងសៀមរាប កាន់តែស្រស់បំព្រងគួរជាទីគយគន់ និងទាក់ទាញអារម្មណ៍ជាពន់ពេក៕