(ភ្នំពេញ)៖ ក្រុមគ្រួសារលោក អ៉ឹម សិទ្ធី អតីតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសពន្យារពេល រៀបចំពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ នៅថ្ងៃទី០៧-០៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ ដោយសារតែ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»។
តាមសេចក្ដីជូនដំណឹងរបស់ក្រុមគ្រួសារ លោក អ៉ឹម សិទ្ធី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការពន្យារពេលនេះ អនុវត្ដតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា ដោយសារ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» និងយោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិធីបុណ្យគម្រប់ខួប៣ឆ្នាំ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធលោក អ៉ឹម សិទ្ធី ដែលគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី៧ និង៨ ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានផ្អាកវិញ។
សូមជម្រាបថា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាបន្ទាន់មួយ ដោយប្រកាស មិនអនុញ្ញាតឲ្យមានការជួបជុំ មនុស្សច្រើន មិនលើសពី២០នាក់ រយៈពេល១៥ថ្ងៃ ដើម្បីទប់ស្កាត់នឹង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»៕