(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្រិការណ៍ «សហគមន៍២៨វិច្ឆិកា» ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់១៤នាក់។

អ្នកឆ្លងថ្មីទាំង៨នាក់នេះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានស្វាមី ជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ រស់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានស្វាមី បម្រើការងារនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ។

៣៖ ស្ត្រីជនជាតិខ្មែរ អាយុ៤៥ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្តាយមីងរបស់អ្នកជំអឺកូវីដ១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ ខែវិច្ឆិកា។

៤៖ ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គ្រួសារអ្នកបើកបររបស់អ្នកជំងឺកូវីដ១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តការណ៍ សហគមន៍ ២៨ វិច្ឆិកា។

៥៖ ស្ត្រីជនជាតិខ្មែរអាយុ (មិនបានរាយការណ៍) រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

៦៖ ស្ត្រីជនជាតិខ្មែរ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្តាយមីងរបស់អ្នកជំងឺកូវីដ១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។

៧៖ កុមារា ជនជាតិខ្មែរ អាយុ៧ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាក្មួយប្រុសរបស់អ្នកជំងឺកូវីដ១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា។

៨៖ បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាអ្នកប៉ះពាល់អ្នកជំងឺកកូវីដ១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

អ្នកជំងឺកូវីដ១៩ថ្មីទាំង៨នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់ ចំនួន ៣៣៣២ នាក់ (នៅភ្នំពេញ និងខេត្តចំនួន៧) តែការវិភាគអាចធ្វើបានតែ ២២៤៨សំណាក់ (ត្រឹមម៉ោង១៖៣០នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០) ដែលក្នុងចំនួននេះ លទ្ធផលបង្ហាញថា មានវិជ្ជមានកូវីដ១៩ ចំនួន១៤នាក់ (ដោយគិតទាំងអ្នកដែលបានយការណ៍ចំនួន ៦នាក់ ថ្ងៃទី២៨ ខែវិច្ឆិកា និងអ្នករកឃើញ៨នាក់ថ្មី) រីឯចំនួន២២៣៤នាក់ គឺអវិជ្ជមានវីរុសកូវីដ១៩។ ចំនួននៅសល់ ១០៨៤នាក់ទៀត នឹងបន្តវិភាគ។

ក្រសួងសុខាភិបាល សូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តន៍តាម សារសំឡេងណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី ២៩ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ដែលបានថ្លែងចេញពីខេត្តសៀមរាបនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីវិជ្ជមាន វីរុសកូវីដ-១៩ រកឃើញក្នុងពេលថ្មីៗនេះ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយសូមឱ្យ អ្នកទាំងអស់ ដែលពាក់ព័ន្ធជាមួយនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ដែលបានរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ ថ្មី មានដូចជាអ្នកប៉ះពាល់នៅផ្សារអីអន១ សាលារៀនមួយចំនួន និងកន្លែងផ្សេងៗ ដែលប៉ះពាល់ជាមួយអ្នកជំងឺនៅក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាដើម សូមអញ្ជើញទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ដែលបន្តធ្វើនៅថ្ងៃនេះទៀត នៅតាមទីតាំង៖ បរិវេណផ្សារអីអន១ បរិវេណក្រសួងមហាផ្ទៃ បរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សម្រាប់សិស្សសាលា និងលោកគ្រូអ្នកគ្រូដែលពាក់ព័ន្ធ) និងនៅពន្ធនាគារ ព្រៃស (សម្រាប់អ្នកពាក់ព័ន្ធកន្លែងនោះ) ហើយក្រសួងអាចធ្វើនៅកន្លែងផ្សេងៗទៀតទៅតាមការ ចាំបាច់ផងដែរ ដែលតេស្តនេះមានធ្វើទៅតាមថ្ងៃដូចតទៅ៖

* តេស្តលើកទី១ ធ្វើនៅថ្ងៃទី២៩ និងបន្តធ្វើនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០
* តេស្តលើកទី២ ធ្វើនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០
* តេស្តលើកទី ៣ ធ្វើនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០

ក្រសួងបន្ថែមថា បុគ្គលដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះរបស់ខ្លួន ឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលតែងតែចេញផ្សាយជារឿយៗនូវចំណុច១០យ៉ាងនៃការ ធ្វើចត្តាឡីស័ក នៅតាមផ្ទះ នៅក្នុងមណ្ឌលចត្តាឡីស័ក ឬនៅតាមសណ្ឋាគារ ហើយសម្រាប់អ្នកនៅដែលមិន មានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯងនោះ សូមអញ្ជើញទៅស្នាក់នៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ សុខាភ្នំពេញ ដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថាការធ្វើតេស្តរកកូវីដ-១៩ និងការស្នាក់ធ្វើ ចត្តាឡីស័កនៅសណ្ឋាគារនេះ គឺរដ្ឋជាអ្នកចេញសាហ៊ុយជូនបងប្អូន ហើយសម្រាប់នៅតាមបណ្ដាខេត្ត សូមអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់ចែងរៀបចំ និងគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កទាំងអស់ឱ្យបានហ្មត់ចត់ ជាទីបំផុត អ្នកដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវស្នាក់នៅមណ្ឌលចត្តាឡីស័កដែល រៀបចំដោយអាជ្ញាធរខេត្តដោយរដ្ឋជាអ្នកទទួលបន្ទុក។

កិច្ចការនេះ សំខាន់ណាស់នៅក្នុងដំណាក់កាលនេះ ដើម្បីកាត់ផ្តាច់ខ្សែចម្លងពីបុគ្គលមួយ ទៅបុគ្គលមួយពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គលចម្លង រាតត្បាតនៅក្នុងសហគមន៍។ ដូច្នេះអ្នកដែលប៉ះពាល់ទាំងអស់ សូមចូលរួមធ្វើកិច្ចការទាំងនេះ តាមការ អំពាវនាវឱ្យបានគ្រប់គ្នា ដើម្បីខ្លួនឯង ដើម្បីគ្រួសារខ្លួន និងដើម្បីសហគមន៍យើង មិនមានការចម្លង បន្តគ្នាក្នុងទ្រង់ទ្រាយធំ។ ប្រសិនបើបុគ្គលណាមានបញ្ហាសុខភាព សូមប្រញាប់ប្រញាល់ជូនព័ត៌មានតាម លេខដែលបានជូនខាងក្រោមនេះស្រាប់ ដើម្បីក្រុមគ្រូពេទ្យអាចជួយអន្តរាគមន៍បានទាន់ពេលវេលា។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕