(ភ្នំពេញ)៖ ដោយសារតែប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជួបការលំបាក ក្នុងការធ្វើដំណើរទៅកាន់តំបន់ផ្សេងៗនោះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានស្ថាបនាផ្លូវបេតុមួយខ្សែ ប្រវែង៦១២ម៉ែត្រ និងដាក់ប្រព័ន្ធលូរំដោះទឹកផងដែរ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ទួលពង្រ និងបានចុះទៅបើកការដ្ឋាននៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងសហគមន៍ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោក ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភា និងមានការចូលរួមពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីសាលាខណ្ឌ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋក្នុងសហគមន៍ជាច្រើនផងដែរ។
លោក ហែម ដារិទ្ធិ មានប្រសាសន៍ស្វាគមន៍ដោយលើកឡើងថា ផ្លូវ១ខ្សែដែលបានបើកការដ្ឋាននាពេលនេះ គឺជាផ្លូវបេតុដែលមានប្រវែង៦១២ម៉ែត្រនិងទទឹង៧.៥០ម៉ែត្រនិងដាក់លូរតាមបណ្តោយផ្លូវនេះផងដែរ ដើម្បីរំដោះទឹកភ្លៀងកុំឲ្យកកស្ទះ ដែលប្រើទឹកប្រាក់អស់ចំនួន៩.៧៩២ ដុល្លារ ហើយថវិការទាំងនេះ បានមកពីប្រាក់បដិភាគ របស់បងប្អូននៅក្នុងសហគមន៍ ប៉ុន្តែវាបានតែមួយ ចំនួនប៉ុណ្ណោះ ដូច្នេះនៅខ្វះខាតមួយចំនួនទៀត ប៉ុន្តែដើម្បីឲ្យការស្ថាបនាផ្លូវនេះ គឺខាងសាលាខណ្ឌបានចេញបង្រ្គប។
លោកបានបន្ថែមថា ចំពោះការស្ថាបនាផ្លូវ នៅក្នុងមូលដ្ឋាននោះ គឺយើងមិនមែនធ្វើតែផ្លូវចូលសហគមន៍ទូលពង្រតែ១ខ្សែនេះទេ គឺសាលាខណ្ឌនិងលើកយកគម្រោងជាច្រើនទៀតដែលនៅសេសសល់ដើម្បីស្ថាបនាជូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួលស្របទៅតាមពាក្យទីក្រុងស្អាត។
លោក ម៉ាន់ ឈឿន បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋថា នេះគឺជាការយកចិត្តទុកដាក់ខ្ពស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន ហើយលោកក៏សូមកោតសរសើរដែរចំពោះអាជ្ញាធរខណ្ឌគឺផ្លូវនៅក្នុងមូលដ្ឋានសុទ្ធសឹងជាផ្លូវ បេតុងប្រែមុខមាត់ប្រជាពលរដ្ឋពីភក់ជ្រាំទៅជាផ្លូវប្រណីត ដូច្នេះបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកដែលរស់នៅតាមបណ្តោយផ្លូវសូមឲ្យចូលរួមសហការណ៍ជាមួយក្រុមហ៊ុនដើម្បីឲ្យការស្ថាបនាប្រកបទៅដោយរលូន ម្យ៉ាងវិញទៀតក្រោយពីអាជ្ញាធរបានស្ថាបនារួចរាល់ហើយនោះ សូមឲ្យបងប្អូនចូលរួម ថែរក្សាផ្លូវមួយខ្សែនេះឲ្យបានគង់វង្សយូរអង្វែង៕