(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា រួមជាមួយសមាគមជនជាតិឥណ្ឌានៅកម្ពុជា ក្រុមធុរជនឥណ្ឌានៅកម្ពុជា និងសមាគមអតីតនិស្សិតកម្ពុជា ទៅសិក្សានៅឥណ្ឌា បានបរិច្ចាគអង្ករ និងថ្នាំពេទ្យមួយចំនួន ចែកជូនដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ អង្ករចំនួន៥ តោនដែលឧបត្ថម្ភដោយក្រុមហ៊ុន Bajaj Auto ដែលជាក្រុមហ៊ុនម៉ូតូកង់បីឥណ្ឌាធំជាងគេនៅកម្ពុជា និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ត្រូវបានចែកជូនជនរងគ្រោះទឹកជំនន់នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមវត្តមានលោក សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី ទេវ្យានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។
លោកស្រី ទេវ្យានី ខូប្រាហ្គាដេ បានសម្តែងនូវការអាណិតអាសូរយ៉ាងខ្លាំង ចំពោះជនរងគ្រោះដោយទឹកជំនន់ និងរីករាយចំពោះការចូលរួមរបស់សហគមន៍ឥណ្ឌា ក្រុមធុរជនឥណ្ឌា និងសមាជិកសមាគមអតីតនិស្សិតកម្ពុជារៀននៅឥណ្ឌា ក្នុងការបរិច្ចាគអង្ករដល់អ្នកភូមិក្នុងខេត្តកំពង់ឆ្នាំង។
លោករដ្ឋលេខាធិការ សៅ ជីវ័ន្ត បានថ្លែងអំណរគុណសម្រាប់អំណោយដែលបានផ្តល់ដោយស្ថានទូតឥណ្ឌា និងបានធានានូវការជួយសម្របសម្រួលរៀបចំកម្មវិធីចែកជំនួយសង្គ្រោះបន្ទាន់ នៅក្នុងខេត្តដែលរងផលប៉ះពាល់ដទៃទៀតនៃប្រទេសកម្ពុជា។
ក្នុងថ្ងៃដដែលនោះ ក្រុមសប្បុរសជនកម្ពុជា-ឥណ្ឌាខាងលើបានបន្តដំណើរទៅខេត្តបាត់ដំបង ដើម្បីចុះចែកអង្ករ និងថ្នាំសង្កូវផ្សេងទៀតដល់អ្នកភូមិក្នុងស្រុកសំពៅលូន។ មុនចុះធ្វើសកម្មភាពមនុស្សធម៌នេះ លោកស្រីឯកអគ្គរដ្ឋទូតបានជួបពិភាក្សាការងារជាមួយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងបានប្រគល់ថ្នាំពេទ្យមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យនៅខេត្តបាត់ដំបង ខណៈថ្នាំទាំងនេះត្រូវបានបរិច្ចាគដោយក្រុមហ៊ុនឱសថឥណ្ឌានៅកម្ពុជា។
ក្នុងជំនួបពិភាក្សានោះ លោក ងួន រតនៈ បានលើកឡើងថា ឆ្នាំនេះខេត្តបាត់ដំបងរងផលប៉ះពាល់ខ្លាំងជាងឆ្នាំមុនៗដោយសារទឹកជំនន់ដែលមាន ១៣ ឃុំ ជាមួយប្រជាពលរដ្ឋជាង ៧០,០០០ គ្រួសាររងផលប៉ះពាល់ខ្លាំងបំផុត។ លោកបានផ្តល់ព័ត៌មានលម្អិតអំពីវិធានការផ្តល់ជំនួយសង្គ្រោះរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាបានបង្ហាញនូវសាមគ្គីភាពជាមួយប្រជាជនកម្ពុជា និងបានបង្ហាញក្ដីសង្ឃឹមថាសម្ភារៈផ្តល់ជំនួយដែលរួមមានអង្ករ ថ្នាំពេទ្យ សម្ភារអនាម័យប្រឆាំងជំងឺកូវីដ ដែលបរិច្ចាគដោយសហគមន៍ឥណ្ឌា ក្រុមហ៊ុនឱសថសូណាលីកា និងក្រុមអាជីវកម្មផ្សេងៗទៀត នឹងអាចជួយប្រជាជនកម្ពុជាក្នុងដំណើរវិលរកភាពប្រសើរឡើងវិញ។
លោកស្រី ទេវ្យានី ខូប្រាហ្គាដេ ក៏បានលើកឡើងពីគម្រោងផ្សេងៗរបស់រដ្ឋាភិបាលឥណ្ឌាសម្រាប់ការអភិវឌ្ឍខេត្តបាត់ដំបង និងខេត្តផ្សេងៗ ដូចជាវិស័យធារាសាស្ត្រ និងការកសាងប្រភពទឹក ការដំឡើងអណ្តូងស្នប់ ១,៥០០ ជាដើម។
ពិធីប្រគល់អំណោយត្រូវបានរៀបចំឡើងនៅរដ្ឋបាលស្រុកសំពៅលូន ក្រោមវត្តមានលោក សៅ ជីវ័ន។ លោក អាដារ្ស គូម៉ា មិស្ហ្រា (Adarsh Kumar Mishra ) លេខាធិការទីពីរនៃស្ថានទូតឥណ្ឌា បានប្រគល់សម្ភារៈសង្គ្រោះដែលរួមមានអង្ករចំនួន ៥ តោន និងសម្ភារអនាម័យប្រឆាំងកូវីដសម្រាប់ប្រជាជនចំនួន ១,០០០ នាក់ ដល់អាជ្ញាធរមូលដ្ឋានសម្រាប់ចែកចាយបន្តដល់អ្នកភូមិ។
អាជ្ញាធរស្រុកបានលើកឡើងពីភាពធ្ងន់ធ្ងរនៃការបាត់បង់ និងការលំបាកដែលអ្នកភូមិនៃឃុំទាំង ៦ នៃស្រុកសំពៅលូន និងបានវាយតម្លៃខ្ពស់ចំពោះជំនួយដែលផ្តល់ដោយប្រជាជនឥណ្ឌា។
ក្នុងពេលស្នាក់នៅក្នុងខេត្តបាត់ដំបង លោកស្រីឯកអគ្គរដ្ឋទូត ទេវ្យានី ខូប្រាហ្គាដេ ក៏បានទស្សនាទីតាំង និងប្រាសាទបុរាណមួយចំនួន និងបានស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការអភិវឌ្ឍ ដោយពិគ្រោះយោបល់ជាមួយអាជ្ញាធរខេត្ត ដើម្បីធ្វើវាទៅជាកន្លែងទាក់ទាញទេសចរដ៏សំខាន់នៅក្នុងខេត្តបាត់ដំបង៕