(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកសង្ស័យក្នុងករណីពុលស្រា.ស នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានកើនឡើងរហូតដល់១១៥នាក់ (ស្រី៦នាក់) ក្នុងនោះស្លាប់កើនដល់៥នាក់។
លោកស្រីបន្តថា អ្នកសង្ស័យទាំងនោះ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងមន្ទីរពេទ្យកាល់ម៉ែត ដោយបច្ចុប្បន្នអ្នកជំងឺ មានការវិវត្តន៍មកស្ថានភាពល្អប្រសើរវិញហើយ។
លោកស្រី ឱ វណ្ឌឌីន បញ្ជាក់ថា មូលហេតុនៃការពុលនេះ ដោយអ្នកទាំងអស់នោះ បានមកចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសាស្រា.ស រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ គឺជាករណីសង្ស័យពុលស្រា ស។
លោកស្រីរដ្ឋលេខាធិការបញ្ជាក់ថា ពេលទទួលបានព័ត៌មានករណីពុលស្រានេះ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ០៣រូប និងមានក្រុមឆ្លើយតបបន្ទាន់ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ចុះធ្វើដំណើទាំងយប់ទៅខេត្តកំពង់ឆ្នាំង ដើម្បីជួយការងារបច្ចេកទេស ដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។
ក្រសួងបានចាត់វិធានការណ៍ហាមការផឹកស្រា.ស និងបញ្ឈប់ការធ្វើចរាចរលក់ដូរស្រា.សជាបន្ទាន់ និងបានសង្រ្គោះជនរងគ្រោះ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំង បានទាន់ពេល លើកលែងអ្នកដែលមានសភាពធ្ងន់ធ្ងរពេក ដែលបានបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុត។
ជាមួយគ្នានេះ ក្រុមការងារក្រសួងសុខាភិបាល បានបន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត ជាពិសេសមិនត្រូវពិសាស្រា.ស ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ៕