(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារពិសេសបន្ថែមទៀតជូនជនរួមជាតិ ពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩របស់ក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ។
សម្តេចតេជោ ហ៊ុន សែន បានហៅករណីឆ្លងជំងឺកូវីដ១៩របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារគឺជារឿងធ្ងន់ធ្ងរណាស់ ហើយអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ប្រញាប់ប្រញាល់ចូលខ្លួនមកធ្វើតេស្តដើម្បីស្វែងរកមេរោគកូវីដ១៩។ គិតត្រឹមម៉ោងនេះមានមនុស្សចំនួន៨នាក់ហើយ នៃក្រុមគ្រួសាររបស់អគ្គនាយកពន្ធនាគារបានឆ្លងជំងឺកូវីដ១៩។
នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានភ័យស្លន់ស្លោរ ពាក់ព័ន្ធករណីឆ្លងក្នុងសហគមន៍នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់សិទ្ធិដល់រដ្ឋមន្រ្តី និងអភិបាលខេត្ត ក្នុងផ្អាកជាបណ្តោះអាសន្នផ្នែកខ្លះនៃក្រសួង ឬបិទភោជនីយដ្ឋានណា ដែលមានការពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះក្រុមគ្រូពេទ្យបានធ្វើសំណាកលើមនុស្សជាង៣០០០នាក់។
សូមស្តាប់សាររបស់សម្តេចតេជោ ផ្ញើជូនជនរួមជាតិ នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០៖