(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) រួមជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នឹងរៀបចំពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺ អេដស៍ឆ្នាំ២០២០ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះនៅលើទឹកដីខេត្តបាត់ដំបង ជាមួយនឹងការបង្ហាញប្រធានបទថ្មីទាន់ពេលវេលាមួយគឺ «ជំងឺអេដស៍៖ ជំងឺរាតត្បាតជាសកលផ្សេងទៀត»។
ប្រធានបទថ្មីនេះ និងផ្លាកសញ្ញាជាការក្រើនរំលឹកដល់ពិភពលោកថា សូម្បីតែនៅក្នុងអំឡុងពេលរាតត្បាតដោយមេរោគកូវីដ១៩ ការប្រយុទ្ធនឹងមេរោគអេដស៍ គឺនៅតែជាប្រធានបទ ដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់នៃសុខភាពសាធារណៈសកល ពីព្រោះវានៅតែធ្វើឲ្យបាត់បង់ជីវិតរាប់រយពាន់នាក់ជារៀងរាល់ឆ្នាំ។
ជាប្រពៃណីយូរអង្វែងមកហើយអង្គការ AHF រួមជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមកពីជុំវិញពិភពលោក នឹងរៀបចំកម្មវិធីរំលឹកជាច្រើន រួមទាំងព្រឹត្តិការណ៍ ផ្សាយផ្ទាល់ និងព្រឹត្តការសង្គមដោយរក្សាគម្លាតសុវត្តិភាព ដើម្បីរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃការធ្វើតេស្តឈាម ការបង្ការ និងការព្យាបាលជំងឺអេដស៍និងដើម្បីស្វែងរកការគាំទ្រក្នុងបន្តការប្រយុទ្ធដ៏សំខាន់នេះ។
នៅក្នុងទិវានេះនេះដែរ ក៏មានការធ្វើតេស្តឈាមរកមេរោគអេដស៍ និងការចែកជូនស្រោមអនាម័យដោយឥតគិតថ្លៃផងដែរដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ផងដែរ។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការកំពុងផ្តល់ការព្យាបាល ថែទាំ និងសេវាកម្មដល់មនុស្សជាង ១.៤៧លាននាក់ នៅក្នុង៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើតជាដើម។ សម្រាប់ព័ត៌មានលម្អិតអំពី សូមចូលទៅកាន់គេហទំព័ររបស់យើង: ទំព័រហ្វេសប៊ុក: www.facebook.com/aidshealth និង Twitter: @aidshealthcare ឬ Instagram: @aidshealthcare ។ AHF www.aidshealth.org ៕