(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់គណៈសង្ឃ និងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បាននិមន្ត និងអញ្ជើញចូលរួមធ្វើបាឋកថា ជូនព្រះសង្ឃ មន្ត្រីរាជការពាក់ព័ន្ធ និងសមណនិស្សិត និស្សិតក្នុងខាសាពុទ្ធិកវិទ្យាល័យព្រះស៊ីហនុរាជខេត្តបាត់ដំបងក្រោមប្រធានបទ «ដំណើរកម្ពុជារយៈពេលកន្លះសតវត្សរ៍ចុងក្រោយ»។

បាឋកថានេះ ធ្វើឡើងសម្រាប់ផ្ដល់ជាមូលដ្ឋាន ដល់អ្នកសិក្សាស្រាវជ្រាវ និងមន្ត្រីពាក់ពន្ធ័ក្នុងខេត្តបានយល់ពីដំណើរការវិវត្តន៍របស់ប្រទេសកម្ពុជាចាប់ពីសតវត្សទី១មកដល់ឆ្នាំ១៩៧០។

កម្មវិធីនេះរៀបចំឡើងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នាសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមកិច្ចសហការរវាងសាខាពុទ្ធិកវិទ្យាល័យព្រះស៊ីហនុរាជខេត្តបាត់ដំបង និងធនាគារជាតិនៃកម្ពុជាក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ក៏ដូចជាពុទ្ធិសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណា ដើម្បីចូលរួមដល់ការអភិវឌ្ឍន៍ប្រទេសជាតិក្នុងនោះក៏បានបង្ហាញពីតួនាទីរបស់ព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជាដល់អ្នកចូលរួមផងដែរ។

វិគ្មិនសំខាន់ៗដែលបានចូលរួមធ្វើបាឋកថានាឱកាសនោះមានសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សនប្រធានលេខាធោការដ្ឋានគណៈសង្ឃនាយកនៃកម្ពុជាទាក់ទងតួនាទីរបស់ព្រះពុទ្ធសាសនា, លោក ជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជានិង លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ទាក់ទងទៅនឹងការឆ្លងកាត់ដ៏លំបាកលំមានទាំងការរុងរឿងទាំងការធ្លាក់ចុះរបស់ប្រទេសកម្ពុជា នារយៈពេកកន្លះសតវត្សកន្លងមកនេះ។

ជាមួយនេះកម្មវិធីក៏បានបង្ហាញឲ្យអ្នកចូលរួមបានយល់ពីប្រវត្តិនៃការតស៊ូក្នុងដំណាក់កាលនីមួយៗរបស់កម្ពុជាចាប់ពីក្រោយថ្ងៃរំដោះក្នុងនោះរួមទាំងក្នុងសម័យព្រះរាជណាចក្រកម្ពុជាទី២ផងដែរ។

ទាក់ទងបញ្ហានេះលោក ជា ចាន់តូ បានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សម័យកាលជាច្រើន ប៉ុន្តែគ្មានពេលណាដែលកម្ពុជាបានចាប់ងើបមុខ និងមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ដូចពេលនេះឡើយ។ពោលចាប់ពីក្រោយឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ ឈ្នះកម្ពុជាបានឈានដល់ការបង្រួបបង្រួមជាតិតែមួយ និងមានសន្តិភាពពេញលេញជូនជាតិមាតុភូមិដែលបានបើកឱកាសឲ្យកម្ពុជាធ្វើការស្ដារ និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃនេះ។

លោក ជា ចាន់តូ បានវាយតម្លៃខ្ពស់ថា ដោយគុណបុណ្យនៃ សន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា យើងទទួលបានសុខ សន្តិភាព ប្រជាជនមានជីវភាពរស់នៅសមរម្យ និងរស់នៅប្រកបដោយ ការលូតលាស់ រីកចម្រើននឹងរស់ដោយសុខសាន្តហើយមានជីវភាពធូរធាថែមទៀតផង។

ទោះជាយ៉ាងនេះក៏ដោយលោក ជា ចាន់តូ លើកឡើងថា ដើម្បីឲ្យប្រទេសជាតិកាន់តែរឹងមាំ និងទទួលបានការរីកចម្រើនថែមទៀត ចាំបាច់ក៏ត្រូវតែមានការចូលរួមពីវិស័យពុទ្ធចក្រ និងស្ថាប័នព្រះមហាក្សត្រ សម្រាប់ជាម្លប់ផងដែរ។ អ្វីកាន់តែសំខាន់ទៀតនោះ គឺការធានារក្សាឲ្យបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច អាត្រាប្ដូរប្រាក់, ការកសាងហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្ត, ផ្លូវគមនាគមន៍, ទឹក ភ្លើង និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីធ្វើសមាហរណកម្មចូលក្នុងសហគមន៍តំបន់និងពិភពលោកដែលទាំងអស់នេះគឺស្មារតីប្រកបដោយសុទ្ធិនិយមរបស់កម្ពុជាសម្រាប់អនាគត។

នៅក្នុងឱកាសនោះលោក ជា ចាន់តូ បញ្ជាក់ថា ការកសាងប្រទេសជាតិមួយ ឬអរិយធម៌មួយឲ្យរីកចម្រើនរុងរឿងទៅបានក៏ទាមទារឲ្យមានទាំងកាយសម្បទានិងផ្នែកបញ្ញាស្មារតី ហើយកាយសម្បទារបស់ប្រជាជាតិមួយប្រៀបដូចទៅនឹងផ្នែកអាណាចក្រដែលសំដៅដល់ពលកម្មរបស់ប្រជាជន ការគ្រប់គ្រងរដ្ឋបាល ដោយប្រើចំណេះដឹង និងជំនាញបច្ចេកទេស ច្បាប់ និងហេដ្ឋារចនាសម្ពន្ធ័ សង្គមនិងសេដ្ឋកិច្ច។

លោកបន្ថែមថា នៅក្នុងបរិបទបច្ចុប្បន្នសាសនាគឺធាតុសំខាន់ដែលមិនអាចខ្វះបាននៅក្នុងសង្គមជាតិមួយ ព្រោះបានដើរតួនាទីជាគ្រឹះនៃទស្សនះវិជ្ជាដ៏រឹងមាំសម្រាប់ភាពរុងរឿងនៃអរិយធ៌មរបស់ប្រជាជាតិ។ ដូចនេះវិស័យអាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នាដើម្បីឲ្យសង្គម និងប្រជាជនរស់នៅប្រកបដោយបញ្ញា ស្មារតី សេចក្ដីសុខ សុចរិតភាពនិងជាប្រយោជន៍ដល់សង្គម៕