(ភ្នំពេញ)៖ ថ្ងៃ១៤ ខែកុម្ភៈ ទិវានៃក្តីស្រឡាញ់ខាងមុខនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន NVC Corporation Vital និងស្ថាប័នមួយចំនួនទៀត នឹងរៀបចំកម្មវិធី «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ឬ «Give Blood Give Love» ។
Give Blood Give Love គឺជាប្រធានបទ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃទី១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០១៦នេះផងដែរ ។ យុវជន សិស្ស និស្សិត សិល្បករ និងប្រជាជនទូទៅប្រមាណ ៦០០នាក់ នឹងចូលរួមកម្មវិធីនេះ ដែលនឹងប្រារព្ធធ្វើនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម (ខាងក្នុងបរិវេណ នៃមន្ទីពេទ្យព្រះអង្គឌួង) ចាប់ពីម៉ោង ៨៖៣០នាទីព្រឹក ដល់ម៉ោង ៤៖០០នាទីរសៀល។
ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបញ្ជាក់ឲ្យដឹងដែរថា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ ចំពោះចលនារបស់យុវជនសិស្ស និស្សិត ក្នុងសកម្មភាពសង្គម ដូចជាការបរិច្ចាគឈាមជាដើម ។ លោករដ្ឋមន្រ្តីបានណែនាំ ឲ្យមានការរៀបចំយុទ្ធនាការបង្កឲ្យយុវជនបានជួបជុំគ្នា បបួលគ្នាបរិច្ចាគឈាម និងកំសាន្តជាមួយការរៀបចំសំដែងសិល្បៈ និងចំរៀងជាពិសេស ក្នុងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ២០១៦ នេះនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោក ជុនហៀង ថាវសិទ្ធិ ប្រធាននាយកដ្ឋានទីផ្សារនៃក្រុមហ៊ុន NVC Corporation Vital បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនទឹកពិសាវីតាល់ តែងតែរីករាយក្នុងការសហការឧបត្ថម្ភគាំទ្រ រាល់សកម្មភាពសប្បុរសធម៌នៅក្នុងសង្គម ពិសេសគឺការបរិច្ចាគឈាមផ្ទាល់តែម្តង ដែលជាសកម្មភាពមនុស្សធម៌ និងសង្រ្គោះជីវិត។ ហើយវីតាល់តែងតែស្វែងរកវិធីសាស្រ្តផ្សេងៗ ក្នុងការបង្កើនការចូលរួមរបស់យុវជន លើសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដូចជារាល់ការបរិច្ចាគឈាម សប្បុរសជនបរិច្ចាគឈាម នឹងទទួលបានទឹកមួយយួរពីវីតាល់ រួមជាមួយនឹងថង់យួរក្រណាត់ដ៏ស្រស់ស្អាតមួយ ដែលយុវជនអាចប្រើឡើងវិញបាន។ ជាងនេះទៅទៀត ដើម្បីអោយកម្មវិធីរឹតតែមានភាពអធឹកអធម វីតាល់មានឧបត្ថម្ភការថតរូបបានភ្លាម (Selfie Booth) នៅក្នុងកម្មវិធី សម្រាប់អ្នកចូល រួមទាំងអស់បានថតរូបខ្លួនឯង ហើយទទួលបានការផ្តិតភ្លាមៗដោយសេរី។
គួររម្លឹកផងដែរថា គោលបំណងនៃយុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្តីស្រឡាញ់ គឺដើម្បីបង្កលក្ខណៈឲ្យយុវជន-យុវនារី ប្រជាជនទូទៅ ចែករំលែកក្តីស្រឡាញ់របស់គាត់ ដោយចូលរួមបរិច្ចាគឈាម ជួយដល់ជនរងគ្រោះដែលត្រូវការឈាម។ ក៏ដូចជាដើម្បីអំពាវនាវឲ្យគ្រប់អង្គភាព ស្ថាប័ន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ចូលរួមចំណែកក្នុងភាពជាដៃគូ ជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមដើម្បីជំរុញលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
តាមរបាយការណ៍ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានបង្ហាញថា ឈាមប្រមាណ ៥៤,៧៩៣ ប្លោក ទទួលបានក្នុងឆ្នាំ២០១៥ គឺមានការកើនឡើងច្រើន ជាងឆ្នាំ២០១៤ ចំនួន៥%។ ក្នុងចំណោមអ្នកផ្តល់ឈាមទាំងអស់ នោះគឺមានយុវជនអាយុពី១៨ឆ្នាំ ដល់ ៣០ឆ្នាំ ប្រមាណ៦៧%។ ឈាម ១៥០ប្លោក ត្រូវការជារៀងរាល់ថ្ងៃ ដើម្បីជួយដល់ជីវិតមនុស្សជាទីស្រឡាញ់ របស់យើងនៅទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានសំដែងនូវសេចក្តីរីករាយ និងថ្លែង អំណរគុណចំពោះការគាំទ្ររបស់ក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ សាខាកាកបាទក្រហមរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នឯកជនមួយចំនួនដែលបានចូលរួមរៀបចំកម្មវិធី ដែលក្នុង នោះគឺមានវីតាល់ ដែលជាដៃគូសហការយ៉ាងជិតស្និទ្ធផងដែរ ។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អំពាវនាវឲ្យយុវជន យុវនារី ប្រជាជនទូទៅអញ្ជើញ ចូលរួមបរិច្ចាគឈាមនៅគ្រប់មជ្ឈមណ្ឌលជាតិផ្តល់ឈាមខេត្តនានា ហើយជាពិសេសគឺនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម (ក្នុង បរិវេណមន្ទីរពេទ្យព្រះអង្គឌួង) ក្នុងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឲ្យបានច្រើនកុះករ។
គួរបញ្ជាក់ផងដែរ វីតាល់ចាប់ផ្តើមសហការឧបត្ថម្ភសកម្មភាព របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម តាំងពី ឆ្នាំ២០១១ មកម៉្លេះតាមរយៈមូលនិធិ ២៥៛ របស់វីតាល់។ ជាងនេះទៅទៀត វីតាល់តែងតែគាំទ្រសកម្មភាព មនុស្សធម៌ផ្សេងៗនៅក្នុងសង្គម ជាក់ស្តែងការឧបត្ថម្ភថវិកាទៅកាន់កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា កុមារកំព្រា គថ្លង់ ការការពារបរិស្ថាន និងសកម្មភាពយុវជន ជាច្រើនផ្សេងទៀត៕