(ភ្នំពេញ)៖ កើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ពិសេសរវាងភាគីសហជីពកម្ពុជា និងភាគីសហជីពចិន ទើបនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សហភាពសហជីពទូទាំងប្រទេស ចិន (ACFTU) បានប្រគល់រថយន្តប្រភេទ Mini Bus ៤ គ្រឿង ជូនដល់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) និងសហព័ន្ធ សហជីព ខ្មែរ (CUF)។
ពិធីប្រគល់-ទទួលនេះធ្វើឡើងក្រោមអធិបតីលោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងលោករដ្ឋមន្ត្រី អ៉ិត សំហេង និងលោកស្រី ជូ វិនស៉ីង ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតចិនប្រចាំកម្ពុជា ដោយមានការចូលរួមពីលោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា និងលោក វ័ង យ៉ុង តំណាងក្រុមហ៊ុនរថយន្តម៉ាកយូថុង (Yutong)។
លោក ជួន មុំថុល រថយន្តទាំងបួនគ្រឿងនេះ CCTU និង CUF នឹងយកទៅប្រើប្រាស់សម្រាប់ដឹកប្រតិភូសហជីពទៅប្រជុំ ដឹកសមាជិកសហជីពទៅជួបកម្មករ ឬទៅទស្សនកិច្ចសិក្សា នៅទីកន្លែងនានាជាដើម។
លោកបានបន្តថា ការទទួលបានជំនួយនេះគឺបានផ្ដើមចេញពីការងារចម្បងៗជាច្រើន ដែលភាគីសហជីពទាំងពីរបានគាំទ្រគ្នាទៅវិញទៅមក ពិសេសគឺការរួមគ្នាអនុវត្តគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវាត់មួយ» របស់លោកប្រធានាធិបតី ស៉ី ជិនពីង។ កម្ពុជា-ចិននៅតែបន្តទំនាក់ទំនងល្អជាមួយគ្នា ខណៈរោងចក្រកាត់ដេររបស់និយោជកចិននៅកម្ពុជាក៏មានច្រើន ដែលភាគីទាំងពីរត្រូវតែសហការ និងបង្កើនទំនាក់ទំនងវិជ្ជាជីវៈជាមួយគ្នាឱ្យបានល្អប្រសើរ ក្នុងន័យពង្រឹងទំនាក់ទំនងកម្ពុជា-ចិនបន្តជាបងប្អូនដែកថែប។
លោកបានបង្ហើបឱ្យដឹងថា នាពេលខាងមុខ សហភាពសហព័ន្ធសហជីពជាតិកម្ពុជានឹងសាងសង់ការិយាល័យរបស់ខ្លួនលើផ្ទៃដី ១ ហិកតា ដែលនឹងចំណាយថវិកាប្រមាណ ១០ លានដុល្លារ ហេតុដូច្នេះហើយទើបលោកបានស្នើឱ្យភាគីមិត្តចិនជួយគាំទ្របន្តទៀត។
លោកស្រី ជូ វិនស៉ីង បានលើកឡើងថា តាមរយៈការអភិវឌ្ឍឥតឈប់ឈរក្នុងការកសាងសហគមន៍ជោគវាសនាតែមួយ ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពនៃសហជីពទាំងពីរប្រទេស ក៏បានឈានដល់ថ្មីមួយទៀត។
លោកស្រីតំណាងស្ថានទូតចិនបានបង្ហាញក្ដីសង្ឃឹមថា រថយន្តម៉ាកយូថុងដែលពោរពេញដោយមនោសញ្ចេតនារបស់សហព័ន្ធសហជីពទូទាំងប្រទេសចិន និងកម្មករចិន នឹងបើកបរលើផែនដីដ៏ស្រស់ត្រកាលក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ លើកកម្ពស់ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ និងលើកកម្ពស់អត្ថប្រយោជន៍របស់ប្រជាពលករកម្ពុជា។
ជាមួយគ្នានោះ លោក ប្រាក់ ចាន់ធឿន ក៏បានបង្ហាញការគាំទ្រដល់ទំនាក់ទំនងនេះផងដែរ ដោយបានថ្លែងថាការប្រគល់-ទទួលរថយន្តថ្មីៗទាំងបួនគ្រឿង ក៏ដូចជាការសហការរវាងសហពីជីពនៃប្រទេសមិត្តទាំងពីរនាពេលកន្លងមកនោះ គឺជារឹតចំណងមិត្តភាពប្រទេសទាំងពីរលើវិស័យវិជ្ជាជីវៈការងារឱ្យកាន់តែល្អប្រសើរ និងឈានទៅរកវឌ្ឍនភាពបន្តទៅមុខទៀត៕