(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅតែរក្សាជំហរនៅតែបន្តដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះដដែល នៅទូទាំង២៥រាជធានី-ខេត្ត បើទោះមានការរីករាលដាលជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ជាលើកដំបូងក្តី។ នេះបើតាមការបញ្ជាប់របស់លោក រស់ សុវាចា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះ។
លោក រស់ សុវាចា បានបញ្ជាក់ថា ការប្រឡងឌីប្លូម នៅថ្ងៃស្អែកនេះ ក្រសួងអប់រំ ធ្វើការពង្រឹងការអនុវត្តន៍វិធានការសុខាភិបាល និងសុវត្ថិភាពសុខាភាព នៅតាមមណ្ឌលប្រឡងទូទាំងប្រទេស។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រឡងឌីប្លូមស្អែកនេះ ធ្វើតាមការគ្រោងទុកដោយប្រតិបត្តិវិធានការសុខាភិបាលខ្ជាប់ខ្ជួន ដូចមានចែង ក្នុង SoP របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃ០៤ សីហា ២០២០។ គ្រឹះស្ថានសិក្សាជាអ្នករៀបចំគ្រប់ដំណាក់កាល នៃការប្រឡងឌីប្លូមដូចឆ្នាំមុនដែរ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត-រាជធានីតាមការចាំបាច់»។
លោកបន្តថា ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ នឹងប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។ ការប្រឡងឌីប្លូម នៅថ្ងៃស្អែកនេះ មានសាលារដ្ឋទាំងអស់ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ហើយសាលាឯកជនមួយចំនួនទៀត បានប្រឡងកាលពីសម័យប្រឡង០៣ សីហា ២០២០រួចហើយ។
សូមជម្រាបថា កន្លងមកដោយសារកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតសាលាឯកជន រៀបចំការប្រឡងឌីប្លូម សម័យប្រឡង ០៣ សីហា ២០២០ ដែលមានសាលាឯកជនជាអ្នករៀបចំការប្រឡងនៅតាម ១៣ ខេត្ត-រាជធានី រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងភ្នំពេញ ដោយមានបេក្ខជន ចុះឈ្មោះប្រឡង ៨១០៣នាក់ (នារី ៤០៣៦នាក់) ក្នុងនោះបានមកប្រឡង ៨០១៦នាក់ (នារី ៣៩៩៩នាក់)។ ភាគរយបេក្ខជនប្រឡងជាប់សរុប ៩៨.៨១% (នារី៩៩.៤០%)៕