(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News បានថ្លែងអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ សូមអញ្ជើញមកធ្វើតេស្តរកកូវីដ១៩ នៅផ្សារទំនើបអ៉ីអន ១ សម្រាប់ប្រជាពលរដ្ឋធម្មតា និងនៅទីស្តីការក្រសួងមហាផ្ទៃ សម្រាប់មន្ត្រីរាជការ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអ្នកដែលដឹងខ្លួនថាមានការប៉ះពាល់ជាមួយនឹងករណី ឯកឧត្តម អគ្គនាយកពន្ធនាគារ សូមឲ្យមកធ្វើតេស្តដែលយើងមានទីតាំងធំៗ២កន្លែង។ បើសិនជាមន្ត្រីរាជការ សូមអញ្ជើញទីស្តីការក្រសួងមហាផ្ទៃ នៅអគារ S សាលប្រជុំធំ។ ប្រសិនបើជាប្រជាពលរដ្ឋ ហើយគិតថាជាអ្នកប៉ះពាល់ប្រយោល ឬក៏ផ្ទាល់ ឬមានទំនាក់ទំនងជាមួយនឹងសាច់ញាតិអគ្គនាយកពន្ធដារ សូមទៅធ្វើតេស្តនៅផ្សារទំនើបអ៉ឺអន ១ ដើម្បីធ្វើតេស្តភ្លាមៗ»។

សូមជម្រាបថា គិតត្រឹមម៉ោង១៖០២នាទីឆ្លងចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យបានបង្ហាញលទ្ធផលធ្វើតេស្តឲ្យដឹងថា រកឃើញ៦ករណីវិជ្ជមានកូវីដ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលរស់នៅជាមួយគ្នានៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ក្រុមគ្រូពេទ្យដាក់ពង្រាយ៥ក្រុម នៅផ្សារអ៉ីអន, គេហដ្ឋានសម្តេចក្រឡាហោ ស ខេង, ក្រសួងមហាផ្ទៃ ពន្ធនាគារព្រៃស និងនៅខេត្តសៀមរាប ព្រមទាំងស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្សេងៗទៀត៕