(កណ្តាល)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅរោងចក្រ CAM VERNA FASHION CO.,LTD ស្ថិតក្នុងតំបន់ 7NG GROUP CO., LTD ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោក អ៊ុក សមវិទ្យា នាយក ប.ស.ស និងជាប្រធានក្រុមការងារសុវត្ថិភាព ចរាចរណ៍ឡានដឹកកម្មករ និងក្រុមការងារអន្តរក្រសួងបានចូលរួមផ្តល់បណ្ណបើកបរ ចំនួន១០២ប័ណ្ណ (១០២នាក់) ដល់អ្នកបើកបរ ដឹកកម្មករ តាមរោងចក្រទាំង១៣ ក្នុងក្រុមហ៊ុន 7NG GROUP CO., LTD ដែលគណកម្មការបានចុះមកបណ្តុះបណ្តាល និងប្រឡងទទួលបានលទ្ធផលជោគជ័យកាលពីខែមករា ឆ្នាំ២០១៦ ។
នៅក្នុងឱកាសនោះផងដែរ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានធ្វើការក្រើនរំលឹក ដល់អ្នបើកបរទាំងអស់ត្រូវយកចិត្តទុកដាក់ ពីសុវត្ថិភាពចរាចរណ៍លើការដឹកជញ្ជូនកម្មករ ដែលមានខ្លឹមសារដូចខាងក្រោម៖
-ពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ ទាំងអ្នកជិះក្រោយ និងកុមារ ពេលប្រើប្រាស់ទោចក្រយានយន្ត (ម៉ូតូ) ទោះជិត ឫឆ្ងាយ
-ពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវរាល់ពេល ទាំងអ្នកបើកបរ និងអ្នកធ្វើដំណើរ តាមរថយន្តទោះជិតឬឆ្ងាយ
-បើពិសារគ្រឿងស្រវឹងកុំបើកបរ
-កុំបើកបរហួសល្បឿនកំណត់
-កុំវារ (ជែង) ក្នុងស្ថានភាពគ្រោះថ្នាក់
-កុំធ្វើដំណើរតាមយានយន្តលើសកំណត់ (សូមកុំជិះលើដំបូល, ដាក់ដៃនៅខាងក្រៅ, ឈរតោងរយីងរយូង ជាដើម)
-គោរពសិទ្ធិអាទិភាពពេលបើកបរ និងបើកបរចេះអធ្យាស្រ័យ
-កុំប្រើទូរស័ព្ទពេលកំពុងបើកបរ
-ត្រួតពិនិត្យយានយន្ត និងគ្រឿងបរិធានមុនពេលបើកបរ ឬធ្វើដំណើរ
-ត្រូវមានបណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត
-ត្រូវមានសម្ភារ:ចំណាំងផ្លាតនៅលើខ្លួន ឬយានយន្ត នៅពេលធ្វើដំណើរពេលយប់នៅកន្លែងដែលគ្មានភ្លើងបំភ្លឺ៕