(ភ្នំពេញ)៖ កម្មការិនីដែលបម្រើការងារ នៅរោងចក្រកាត់ដេរ យីហោ Ever Green ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខមណ្ឌលសុខភាពទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចំនួន១៨នាក់ បានទន់ដៃទន់ជើង ខ្លះដួលសន្លប់តែម្តង ខណ:ដែលពួកគេកំពុងធ្វើការ នៅវេលាម៉ោងជិត១០ ព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៦នេះ ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌែនសុខ បានប្រាប់ Fresh News ថា ដំបូងមានកម្មការិនីម្នាក់ បានដួលសន្លប់បន្ទាប់មកកម្មការិនី ផ្សេងទៀតឃើញដូចនេះ ក៏ដួលបន្តបន្ទាប់តែម្តង ដែលហេតុការណ៍នេះ បានបណ្តាលក្រុមកម្មករជាច្រើនផ្សេងទៀត បានរត់ចេញពី អាគារកាត់ដេរ ចេញមកមុខរោងចក្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរ ចុះទៅជួយអន្តរាគមន៍តែម្តង។
បើតាមសេចក្តីរាយការណ៍ពីខាងរដ្ឋបាលរោងចក្រ ការដួលសន្លប់ខាងលើនេះ អាចបណ្តាលមកពី ជនរងគ្រោះមានសុខភាពទន់ខ្សោយ និងអស់កម្លាំងព្រោះតែ ធ្វើការថែមម៉ោងច្រើនពេក ។
សម្រាប់ជនរងគ្រោះទាំង១៨នាក់ ត្រូវបានសមត្ថកិច្ច ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃ ធ្វើការជួយសង្គ្រោះភ្លាមៗ។
សូមបញ្ជាក់ថា នៅរោងចក្រកាត់ដេរមួយនេះ មានកម្មករទាំងអស់ចំនួន១៩០៣នាក់ កំពុងបម្រើការងារ៕