(ភ្នំពេញ)៖ លោក ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រគល់ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (ដែលមានទីតាំងនៅជាប់នឹងស្ទឹងសង្កែ) ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលរៀបចំឡើងមានការគិតគូ លើផ្នែកលក្ខខណ្ឌទីតាំង និងសេវាកម្ម ស្របតាមស្តង់ដា «វិថីលក់ម្ហូបអាហាររបស់ក្រសួងទេសចរណ៍»។
ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ គឺជាស្ថាបត្យកម្មក្រោមការប្រកួតប្រជែងប្លង់ស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារខេត្តបាត់ដំបង» កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយនាយកដ្ឋានវាយតម្លៃទីក្រុងស្អាត និងនាយកដ្ឋានសណ្ឋាគារនិងម្ហូបអាហារ មានឈ្មោះថា «វិថីលក់ម្ហូបអាហារដងស្ទឹងសង្កែ» មានទំហំ ៦០៦៥m2 (២៨៨m x ២៣m), តូបលក់ម្ហូបអាហារ (Street food) ចំនួន ៤២តូប, និងមានជាប្រភេទ (តូបអាហារក្នុងស្រុក ឬអាហារតាមតំបន់ និងហាឡាល, តូបអាហារចម្អិនលឿន, តូបបង្អែម និងតូបភេស្ជជៈ)។
ការប្រគល់ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (ដែលមានទីតាំងនៅជាប់នឹងស្ទឹងសង្កែ) ដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងគោលបំណង៖
ទី១៖ ការអនុវត្តវិធានការដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩ ពីព្រោះថាក្រុងបាត់ដំបងជាសក្កានុពលនៃការអភិវឌ្ឍគោលដៅទេសចរណ៍ (Secondary City)
ទី២៖ ពង្រឹងបេក្ខភាពខេត្តបាត់ដំបងឆ្ពោះទៅការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣
ទី៣៖ បង្កើនភាពទាក់ទាញភ្ញៀវទេសចរនៅខេត្តបាត់ដំបង ពិសេសផ្នែកទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism)៕