(ព្រៃវែង)៖ នៅសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ បានជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋានមកពីភូមិ១០៨ នៃឃុំទាំង៩ ក្នុងស្រុកបាភ្នំ ចំនួនជិត ៣០០ នាក់។
ជំនួបសំណេះសំណាលនេះ មានការចូលរួមផងដែរពីសំណាក់ អស់លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយស្រុក និងប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមការងារចុះជួយឃុំ បានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា «២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២០» ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីប្រធានក្រុមការងារស្រុក បានរំលឹកឡើងវិញពីគុណតម្លៃជាសច្ចភាពប្រវត្តិសាស្ត្រនៃទិវា ២ធ្នូ ដែលយើងទាំងអស់គ្នាត្រូវតែចងចាំជាប់ជានិច្ច ដើម្បីអនាគតភ្លឺស្វាងរបស់មនុស្សគ្រប់ជំនាន់តរៀងទៅ។
ឆ្លងតាមមេរៀនប្រវត្តិសាស្ត្ររយៈពេលជាង ៤ ទសវត្សកន្លងមកនេះ បានបង្ហាញច្បាស់ថា សុខសន្តិភាព និងកំលាំងសាមគ្គីប្រជាជាតិ គឺជាកត្តាស្លាប់រស់ធានាដល់ភាពស្ថិតស្ថេរគង់វង្សនិងការអភិវឌ្ឍសង្គមជាតិយើង។
ក្រោមមគ្គុទេសក៍ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ យើងទាំងអស់គ្នាប្តេជ្ញាបន្តជ្រោងខ្ពស់ទង់សាមគ្គីជាតិទាំងមូល ឆ្លៀតទទួលយកការគាំទ្រពីអន្តរជាតិ ជំរុញបុព្វហេតុថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិយើងឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីសុខមាលភាពនិងភាពថ្កុំថ្កើងរុងរឿងរបស់មាតុភូមិនិងប្រជាជនយើងតទៅអនាគត៕