(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញលិខិតថ្លែងអំណរគុណដាច់ដោយឡែកពីគ្នាផ្ញើជូនដល់សមាគមខ្មែរខ្សែស្រឡាយចិនឯនាយសមុទ្រដែលបានចូលរួមសុខទុក្ខជាមួយពលរដ្ឋកម្ពុជា តាមរយៈជំនួយជាថវិកា សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារទឹកជំនន់។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សមាគមខ្មែរខ្សែស្រឡាយចិនទាំង៤នោះមានដូចជា៖ សមាគម US CHAO-SHAN CHAMBER OF COMMERCE, សមាគម ASSOCIATTION DES CHINOIS DU CAMBODGE AU CANADA (ACCC) សមាគម CHAO CHOW ASSOCIATTION OF QUEBEC CANADA, សមាគម THE GLOBAL UNIFIED CHINESE ORGANIZATION FROM VIETNAM. CAMBODIA AND LAOS។

គួរបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងថា ប្រទេសកម្ពុជាបានទទួលរងគ្រោះទឹកជំនន់ខ្លាំងក្លា ដែលគំរាមកំហែងដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជារាប់សែនគ្រួសារ។ ប្រជាពលរដ្ឋខ្មែរខ្សែស្រឡាយចិន ដែលរស់នៅសហរដ្ឋអាមេរិក កាណាដា និងបណ្តាប្រទេសផ្សេងៗមានសេចក្តីសោកស្តាយ និងពិបាកចិត្តយ៉ាងខ្លាំងចំពោះគ្រោះទឹកជំនន់ ដែលកើតឡើងនៅប្រទេសកម្ពុជាលើកនេះ។

ថ្វីត្បិតពលរដ្ឋទាំងអស់នោះសព្វថ្ងៃរស់នៅឯនាយសមុទ្រ តែទាំងអស់គ្នាតែងតែនឹកដល់ស្រុកខ្មែរ ដែលជាទីកន្លែងកំណើតរបស់ខ្លួន ហើយយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនជនរួមជាតិ និងការអភិវឌ្ឍន៍របស់មាតុភូមិយើងជានិច្ច ។

ក្រោយពីទទួលដំណឹងអំពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា សមាគមបងប្អូនខ្មែរចិន នៅបណ្តាប្រទេសនានា បានបើកយុទ្ធនាការរៃអង្គាសថវិកា ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលរងគ្រោះដោយទឹកជំនន់។

ថវិការឧបត្ថម្ភដែលមកពីពលរដ្ឋខ្មែរខ្សែស្រឡាយចិនប្រមាណ១,២០០នាក់ នៅឯនាយសមុទ្រសរុបចំនួន ២១៥,២៨០ដុល្លារ។ ក្នុងនោះ ៖សមាគម US CHAO-SHAN CHAMBER OF COMMERCE ឧបត្ថម្ភចំនួន ១៤៧,១០០ដុល្លារ, សមាគម ASSOCIATION DES CHINOIS DU CAMBODGE AU CANADA (ACCC) ឧបត្ថម្ភ ចំនួន ១៣,១៨០ដុល្លារ, សមាគម CHAO CHOW ASSOCIATION OF QUEBEC.CANADA ឧបត្ថម្ភចំនួន ១០,០០០ដុល្លារ, សមាគម THE GLOBAL UNIFIED CHINESE ORGANIZATIONS FROM VIETNAM, CAMBODIA AND LAOS ឧបត្ថម្ភចំនួន ៤៥,០០០ដុល្លារ៕