(បន្ទាយមានជ័យ)៖ ដូនជីវ័យ៨២ឆ្នាំម្នាក់ ត្រូវគេលួចសម្លាប់នៅក្នុងវត្ត ហើយត្រូវបានព្រះសង្ឃប្រទះឃើញនៅវេលាម៉ោង៦៖៣០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវត្តបរឮមនិវេសន៍ ភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ សៅ សែត ភេទស្រី អាយុ៨២ឆ្នាំ ជាយាយជីនៅសំណាក់ធម៌ ក្នុងវត្តបរមនិវេសន៍។ នគរបាលបានឲ្យដឹងទៀតថា នៅមុនពេលទទួលបានព័ត៌មាន ពីព្រះសង្ឃព្រះនាម គឹម សុខមគ្គ ព្រះជន្ម២៨វស្សា ពេលនិមន្តទៅបត់ជើងតូចក្នុងបង្គន់ក្បែរកុដិ លោកយាយរងគ្រោះ ស្រាប់តែបានឮសំឡេងវិទ្យុនៅបើក តែមិនឃើញលោកយាយទេ។
ពេលនោះព្រះសង្ឃ ក៏បានហៅព្រះសង្ឃចំនួន២អង្គទៀត ទៅហៅលោកយាយ តែពេលទៅដល់ទើបដឹងថា គាត់បានស្លាប់ដោយសារគេវាយសម្លាប់មិនដឹងពីពេលណា រួចបានផ្តល់ព័ត៌មានមកសមត្ថកិច្ចតែម្តង។
ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកមង្គលបុរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការសន្និដ្ឋានថា សពលោកយាយជាអំពើឃាតកម្ម ព្រោះសំអាងថា មុខលោកត្រូវឃាតកវាយលើផ្ទៃមុខខ្ទេច។
ក្រោយពីធ្វើកំណត់ហេតុហើយ កម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវវែករកមុខឃាតកដុតដៃដុតជើង ដើម្បីស្វែងរកឃាតកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន៕