(សៀមរាប)៖ ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ បានធ្វើកំណាយស្រាវជ្រាវនៅទួលត្រពាំងបុស្ស ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ដែលមានទីតាំងនៅខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ បានប្រទះឃើញឡដុតកុលាលភាជន៍បុរាណមួយ ដែលតាមការសន្និដ្ឋានបឋមប្រហែលជាស្ថិតក្នុងសម័យអង្គរ ឬសម័យក្រោយអង្គរ។
លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ និងជាប្រធានក្រុមកំណាយ បានឱ្យដឹងថា ការជ្រើសរើសទីតាំងធ្វើកំណាយនៅលើទួលត្រពាំងបុស្ស ដើម្បីឱ្យដឹងច្បាស់ថាទួលនេះជាកន្លែងផលិតភាជន៍សម័យបុរាណមែនឬអត់ ព្រោះកន្លងមកមានអ្នកស្រាវជ្រាវមួយចំនួនប្រទះឃើញសំណល់បំណែកភាជន៍ជាច្រើនរាយប៉ាយលើទួល នៅលើខ្នងទំនប់ ដែលមានទីតាំងនៅផ្នែកខាងលិចក្លោងទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថាទីតាំងនេះជាឡដុតភាជន៍សម័យបុរាណនៅឡើយទេ។ ដូច្នេះតាមរយៈបំណែកភាជន៍ និងបំណែកដីដុតដែលបន្សល់ទុកនៅលើទួលធំវែងរហូតដល់សព្វថ្ងៃនេះ អ្នកស្រាវជ្រាវមួយចំនួនយល់ស្របគ្នាថាទីតាំងនេះមានភាគរយខ្ពស់អាចជាឡដុតភាជន៍សម័យបុរាណ។
គម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយតាមរយៈការធ្វើកំណាយ ក្រុមការងារក៏បានឃើញជញ្ជាំងឡ និងភាជន៍ភាគច្រើនជារបស់ប្រើប្រចាំថ្ងៃមាន ឆ្នាំងដី ក្បឿង ចង្ក្រាន ខួច ប៉ុន្តែពុំមានស្រទាប់រលោងទេ។ បន្ទាប់ពីកំណាយរួច ក្រុមការងារនឹងសុំគោលការណ៍សិក្សាស្រាវជ្រាវនៅតំបន់នេះបន្តទៀត ដោយចុះបញ្ជីសារពើភណ្ឌទួលទាំងអស់ គូសផែនទី ដាក់ទីនេះជាតំបន់ការពារសម្រាប់ឱ្យភ្ញៀវទេសចរមកទស្សនា និងការសិក្សារបស់អ្នកស្រាវជ្រាវផង។
លោក វិទូ ភិរម្យ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារបានយកចិត្តទុកដាក់ខ្លាំងទៅលើបច្ចេកទេសកំណាយ ដើម្បីកាត់បន្ថយហានីភ័យដល់សំណង់បុរាណនិងវត្ថុបុរាណដែលប្រទះឃើញនៅក្នុងរណ្តៅ ដោយបែងចែកជាក្រឡាដើម្បីងាយស្រួលប្រមូលទិន្នន័យ ថតរូបរចនាសម្ពន្ធនៃទីតាំងវត្ថុបុរាណ ការប្រើប្រាស់ឧបករណ៍តូចៗ និងអាចគ្រប់គ្រងរចនាសម្ពន្ធឡបានល្អ។ លក្ខណៈរចនាសម្ពន្ធឡដែលរកឃើញនៅពេលនេះ គឺពិសេសណាស់ព្រោះរូបរាង រចនាសម្ពន្ធឡនេះខុសពីឡភាគច្រើននៅតំបន់អង្គរដែលធំៗវែងៗ។ តាមរយៈវត្ថុដែលប្រទះឃើញនៅទីនេះ ក៏ធ្លាប់ឃើញនៅតាមការដ្ឋានកំណាយលើទីតាំងមនុស្សរស់នៅដែរ តែយើងមិនដឹងថាវាមានប្រភពមកពីឡណាទេ។ ដូច្នេះវានឹងក្លាយជាភស្តុតាងខ្លះៗសម្រាប់ការស្រាវជ្រាវរកប្រភពនៃឡ និងភាជន៍ដែលបានប្រើប្រាស់នាសម័យមុន ថាមានប្រភពមកពីឡមួយណាច្បាស់លាស់។
លោក ឆាយ រចនា ប្រធានការិយាល័យអង្គរភាពកុលាលភាជន៍អង្គរនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ ក៏បានបញ្ជាក់ដែរថា ខណៈនេះក្រុមការងារមិនទាន់ដឹងរូបរាងឡពេញលេញទេ គ្រាន់តែឃើញមានជញ្ជាំងឡ ទំហំឡតូច រាងមូល មានកន្លែងដាក់ឧស មានអង្កត់ផ្ចិតត្រឹមបីម៉ែត្រការ៉េប៉ុណ្ណោះ ហើយលក្ខណៈពិសេសនៃរចនាសម្ពន្ធឡដីឆ្នាំងនេះពិតជាអស្ចារ្យ ដែលមិនធ្លាប់ឃើញពីមុនមកទេ។
ចំណែកភាជន៍នៅទីនេះក៏គ្មានស្រទាប់រលោងដែរ តែមានក្បាច់លម្អ ហើយភាគច្រើនគឺឆ្នាំងដី និងក្បឿង ដែលខុសពីការផលិតនៅគោកព្នៅ និងគោកបី។ តាមរយៈបំណែកក្បឿង គេអាចសន្និដ្ឋានថាឡដុតភាជន៍នេះប្រហែលកើតឡើងនៅចុងសម័យអង្គរ ព្រោះក្បឿងប្រភេទនេះមិនសូវឃើញប្រើប្រាស់នៅក្នុងសម័យអង្គរទេ។ ចំពោះឡផលិតភាជន៍នេះ បើតាមការប្រាប់ពីការចងចាំរបស់អ្នកស្រុក ប្រហែលជាអាចជាប់ពាក់ព័ន្ធនឹងការហៅឈ្មោះខ្លោងទ្វារដីឆ្នាំងដែរ ព្រោះជាកន្លែងមានឡផលិតឆ្នាំងដីជាច្រើន៕