(ភ្នំពេញ)៖ លោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានលើកឡើងថា ជំងឺកូវីដ១៩ នៅតែជាបញ្ហាដ៏សំខាន់បំផុតនៅក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ ដូច្នេះក្នុងនាមអាជ្ញាធរក៏ដូចជាគណៈអភិបាលខណ្ឌ ត្រូវតែបន្តយកចិត្តទុកដាក់ការពារនិងទប់ស្កាត់ ធ្វើយ៉ាងណា កុំឲ្យមានការឆ្លងចូលក្នុងសហគមន៍។
ប្រធានក្រុមប្រឹក្សាខណ្ឌចំការមនលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ដែលមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ សមាជិក-សមាជិកាក្រុមប្រឹក្សា អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោកចៅសង្កាត់ទាំង ០៥ និងមន្ត្រីពាក់ព័ន្ធ។
លោក ព្រំ សំខាន់ បានបន្តឲ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ និងទាន់ពេលវេលាទប់ស្កាត់បាននៅការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដោយនៅកម្ពុជាយើង មានអ្នកឆ្លងជំងឺនេះ ភាគច្រើនជាករណីនាំចូលពីបរទេស ហើយជាក់ស្ដែងកម្ពុជាយើងបានទប់ស្កាត់ទាន់ពេលវេលាចំពោះព្រឹត្តិការណ៍ ៣ វិច្ឆិកាផងដែរ។
លោកបានបន្ថែមឲ្យដឹងថា ក្នុងនោះរដ្ឋបាលខណ្ឌក៏បានចូលរួមចំណែកក្នុងការទប់ស្កាត់ចំពោះករណីនេះផងដែរ ដោយបានចុះចែកម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក៏ដូចជាជូនអ្នកដំណើរតាមដងផ្លូវជាដើម។
ទន្ទឹមនេះ លោកប្រធានក្រុមប្រឹក្សា បានបន្តស្នើដល់គណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាសង្កាត់ រួមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ បន្តការខិតខំធ្វើការងារនេះថែមទៀត ដើម្បីចូលរួមទប់ស្កាត់កុំឲ្យមាន ការឆ្លងរីករាលដាលជំងឺកូវីដ ទៅក្នុងសហគមន៍។ ទាក់ទងបញ្ហាជនក្រីក្រ លោក ព្រំ សំខាន់ក៏បានសំណូមពរឲ្យគណៈអភិបាលខណ្ឌ និងអាជ្ញាធរសង្កាត់ទាំងអស់បន្តពិនិត្យរកមើល ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលក្រីក្រពិតប្រាកដ ដែលមានក្នុងកំរិត ក្រ១ ឬក្រ២ និងសូមឲ្យធ្វើការសហការគ្នា ធ្វើការងារនេះឲ្យបានល្អថែមទៀត។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌចំការមនខាងលើនេះ មានរបៀបវារះដូចខាងក្រោម៖
*១៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខណ្ឌចំការមនអាណត្តិទី៣នាថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០។
*២៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារខែធ្នូ ឆ្នាំ ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
*៣៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) របស់រដ្ឋបាលខណ្ឌចំការមន។
*៤៖ ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិក រដ្ឋបាលខណ្ឌចំការមន។
*៥៖ បញ្ហាផ្សេងៗ៕