(ភ្នំពេញ)៖ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន រស់នៅឯនាយសមុទ្រ បានរៃអង្គាសថវិកាបានជាង ២១ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់នាពេលកន្លងទៅ។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានគូសរំលេចថា ក្រោយពេលទទួលបានព័ត៌មាននូវការរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែរដោយសារជំនន់ទឹកភ្លៀងនោះ ពលរដ្ឋខ្មែរខ្សែជាប់សែស្រឡាយចិនដែលរស់នៅសហរដ្ឋអាម៉េរិក កាណាដា បារាំង និងបណ្ដាប្រទេសផ្សេងៗ មានសេចក្ដីសោកស្ដាយ និងក្រៀមក្រំយ៉ាងខ្លាំងចំពោះគ្រោះទឹកជំនន់លើកនេះ។
បើតាម អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា ថ្វីត្បិតពលរដ្ឋខ្មែរជាប់សែស្រឡាយចិនទាំងនេះ សព្វថ្ងៃរស់នៅឯនាយសមុទ្រពិតមែន ប៉ុន្តែពួកគាត់នៅតែនឹកដល់ស្រុកខ្មែរ ដែលជាទីកន្លែងកំណើត ហើយតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនជនរួមជាតិ និងការអភិវឌ្ឍរបស់មាតុភូមិកម្ពុជាជានិច្ច។
ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជារូបនេះ បានគូសបញ្ជាក់ថា «ដើម្បីបង្ហាញនូវទឹកចិត្តសាមគ្គីភាព តាមរយៈសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បងប្អូនខ្មែរចិននៅបណ្ដាប្រទេសនានា បានបើកយុទ្ធនាការរៃអង្គាសថវិកា ដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់ និងទទួលបានថវិកាពីបងប្អូនប្រមាណ ១,២០០នាក់ រស់នៅឯនាយ សមុទ្រ សរុបទឹកប្រាក់ចំនួន ២១៥,២៨០ដុល្លារ»។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា ខ្មែរជាប់សែស្រឡាយចិន នៅឯនាយសមុទ្រមានក្តីសង្ឃឹមថា ថវិកាដ៏ស្ដួចស្ដើង ដែលបានមកពីការរៃអង្គាសនេះ នឹងអាចជួយកាត់បន្ថយការលំបាករបស់ប្រជានជនកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់ ហើយក៏ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នឹងវិលមកប្រក្រតីភាពក្នុងពេលឆាប់ៗនេះ។
លោក ពុង ឃាវសែ បានឱ្យដឹងដែរថា ជំនួយថវិកានេះ ទទួលបានពីសមាគម US CHAO-SHAN CHAMBER OF COMMERCE, សមាគម ASSOCIATION DES CHINOIS DU CAMBODGE AU CANADA (ACCC), សមាគម CHAO CHOW ASSOCIATION OF QUEBEC. CANADA និង សមាគម THE GLOBAL UNIFIED CHINESE ORGANIZATIONS FROM VIETNAM, CAMBODIA AND LAOS។
ថវិកាសប្បុរសមកប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានយកទៅប្រគល់ជូនខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា គ្រោះជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរជិត ១៥ម៉ឺនគ្រួសារ នៅ ២០រាជធានី-ខេត្ត។ ដើម្បីដោះស្រាយការលំបាករបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរងគ្រោះ មានសប្បុរសជនជាច្រើន បានបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន។
បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ថវិកាសប្បុរសជនដែលចូលរួមសម្រាប់ដោះស្រាយគ្រោះទឹកចំនួននេះ មានចំនួនជាង ៨លានដុល្លារ និងចំណាយអស់ជាង ៦លានដុល្លារ នៅសល់ប្រមាណជា ១លាន ៦០ម៉ឺនដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការពេញចិត្តជាខ្លាំងចំពោះទឹកចិត្តសប្បុរសទាំងនេះ។ សម្តចតេជោ ចាត់ទុកកាយវិការទាំងនេះ ជាការបង្ហាញឱ្យឃើញពីការរួបរួមគ្នាដ៏ល្អក្នុងសង្គមខ្មែរ ដើម្បីដោះស្រាយការលំបាក់៕