(សៀមរាប)៖ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានផ្ដាំផ្ញើដល់គ្រប់នាយកដ្ឋានទាំងអស់ដែលចំណុះឱ្យខ្លួន ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យលទ្ធផលកាន់តែប្រសើរជាងនេះជាបន្តបន្ទាប់។
ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងពេលបិទសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ នាថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០ ក្រោយប្រព្រឹត្តទៅរយៈពេលបីថ្ងៃ។
នៅក្នុងពិធីបិទសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO-14001:2015 លោក អ៊ុន មុន្នីនីតា ប្រធានសវនករបានបង្ហាញថា សវនកម្មនៅឆ្នាំ២០២០នេះ មានភាពល្អប្រសើរគួរជាទីមោទនភាពជាងឆ្នាំកន្លងមក ហើយភាពល្អប្រសើរឡើង គឺក្នុងនោះមិនមានចំណុចមិនអនុលោមឡើយ ចំណុចតាមអង្កេត ២ ចំណុចប្រសើរ ១៦ និងអនុសាសន៍ ១០។
លោកបានកោតសរសើរចំពោះលទ្ធផលនៃសវនកម្មនៅឆ្នាំនេះ និងសូមឱ្យគ្រប់នាយកដ្ឋាននិងអង្គភាពទាំង ១៦ យកចិត្តទុកដាក់កែលម្អជាបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរថែមទៀត។
លោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បានសាទរចំពោះលទ្ធផលដ៏ល្អដែលទទួលបាននៅពេលនេះ និងបញ្ជាក់ថា ភាពជោគជ័យល្អប្រសើរនេះបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ រួមទាំងមន្រ្តី-បុគ្គលិកទាំងអស់។
លោកបានផ្ដាំផ្ញើដល់គ្រប់នាយកដ្ឋានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យលទ្ធផលកាន់តែប្រសើរជាងនេះជាបន្តបន្ទាប់។
គួរបញ្ជាក់ថា សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ធ្វើឡើងដើម្បីប្រសិទ្ធភាព ផ្តោតលើលទ្ធផលសម្រេចបានតាមគោលនយោបាយ និងគោលបំណងបរិស្ថាន។ ស្ថានភាពនៃការគោរពច្បាប់បញ្ញត្តិទាក់ទងនឹងបរិស្ថាន ឆ្លើយតបទៅនឹងការប្រាស្រ័យទាក់ទងជាមួយភាគីផ្ទៃក្រៅ ស្ថានភាពនៃការកែតម្រូវ និងការបង្ការភាពមិនអនុលោម កែលម្អការសម្តែងបរិស្ថានទាំងមូល៕