(មណ្ឌលគិរី)៖ បន្ទាប់ពីចុះពិនិត្យព្រំដែន នៅខេត្តស្ទឹងត្រែង និងរតនគិរីហើយនោះ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានបន្តចុះទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដើម្បីពិនិត្យមើលព្រំដែន និងផ្លូវក្រវាត់ព្រំដែន បន្តទៀត។
ការចុះពិនិត្យមើលព្រំដែន និងផ្លូវក្រវាត់ព្រំដែន នៅខេត្តទាំងពីរនេះ ក៏មានការចូលរួមពីមន្រ្តីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោកស្រី កុយ ពិសី បានបញ្ជាក់ថា ខេត្តមណ្ឌលគីរី ជាតំបន់ទេសចរណ៍ធម្មជាតិភាគឦសាន្តដ៏មានសក្តានុពលមួយរបស់កម្ពុជា ដែលមានព្រំដែនខាងកើតជាប់នឹងប្រទេសវៀតណាម។ បងប្អូនដែលចង់ធ្វើដំណើរទេសចរ តាមជាយដែនកាន់តែងាយស្រួលក្រៅពីមានផ្លូវធ្វើដំណើរគ្រប់ច្រកល្ហក និងគយគន់សម្រស់ធម្មជាតិតាមព្រៃភ្នំ បងប្អូនយើងមានឱកាសបានឃើញបង្គោលព្រំដែនរត់តាមដងផ្លូវក្រវ៉ាត់ព្រំដែនទៀតផងដែរ។
លោកស្រី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកំពុងរៀបចំអភិវឌ្ឍតំបន់ព្រំដែនទាំងអស់ ឱ្យក្លាយទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ទទួលបានឱកាសដូចពលរដ្ឋនៅទីក្រុង និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ។
នាពេលបច្ចុប្បន្ន រដ្ឋាភិបាលប្រទេសកម្ពុជា-វៀតណាម បានបោះបង្គោលព្រំដែនសម្រេចបានចំនួន៨៤ភាគរយហើយ។ គិតមកដល់ពេលនេះ មានខេត្តកម្ពុជាចំនួន៣ហើយ ត្រូវបានបញ្ចប់ទាំងស្រុងនូវការបោះបង្គោលព្រំដែន ក្នុងចំណោមខេត្តទាំង៩ ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។ ខេត្តទាំង៣ ដែលបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុងនេះ មានខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង ខណៈដែលខេត្តចំនួន៦ទៀត ដែលនៅសេសសល់ គឺរដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាចិត្តដោះស្រាយបញ្ចប់នៅពេលខាងមុខ៕