(តាកែវ)៖ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ និងលោក អ៊ួច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះពិនិត្យការបាញ់ស៊ីបគ្រាប់ពិត កាំភ្លើងយន្តធុនស្រាល (PKM) អាវុធ AK47 និងដាក់ឲ្យប្រើប្រាស់ទីលានបាញ់ស៊ីប របស់តំបន់ប្រតិបត្តិការសឹករងតាកែវ។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង យោធភូមិភាគ នាយទាហាន នាយទាហានរង ពលទាហានអស់លោក លោកស្រី មន្ទីរជុំវិញខេត្ត ដែលមានទីតាំងស្ថិតនៅចំណុចស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ បានរាយការណ៍ ស្តីពីការបណ្តុះបណ្តាល នាយទាហាន នាយទាហានរង ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងតាកែវ បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធាតាមផែនការ ហ្វឹកហ្វឹកហ្វឺន រយៈពេល៩១ថ្ងៃ មានសិក្ខាកាមសរុប៨០នាក់។
ក្នុងឱកាសនោះ លោក អ៊ួច ភា មានមតិសំណេះសំណាល និងកោតសរសើរទៅដល់ នាយទាហាន នាយទាហានរង ពលទាហាន ក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងសំណូមពរ ឲ្យពួកគេខិតខំប្រឹងប្រែងតស៊ូ ហ្វឹកហ្វឺនរៀនសូត្រ គោរពវិន័យ និងច្បាប់រដ្ឋធម្មនុញ្ញ។
លោកមេបញ្ជាការយោធភូមិភាគទី៣ បានធ្វើការវាយតម្លៃ ក្នុងការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ទទួលបានលទ្ធផលល្អប្រសើរ និងគិតគូរ រៀបចំទីតាំងទីលានបាញ់ស៊ីបនេះឲ្យបានល្អពីមួយកម្រិត ទៅមួយកម្រិតទៀត និងថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្ត អស់លោក-លោក ស្រី ដែលមានវត្តមានចូលរួមក្នុងពិធីនេះ៕