(ភ្នំពេញ)៖ រាជរដ្ឋាភិបាលម៉ាឡេស៉ី បានបង្ហាញឆន្ទៈចង់ផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំ SEA Game នាឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមលោក ហ៊ុន សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៉ី-ប៉ាស៉ីហ្វិក និងជាអ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការបញ្ជាក់នេះបានបង្ហាញឡើងដោយ លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៉ីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស អនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម។
ពេលផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ស្តីពីជំនួបនោះ លោក ហ៊ុន សារឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកអគ្គរាជទូតម៉ាឡេស៉ី ក៏បានបង្ហាញនូវបំណងរបស់ម៉ាឡេស៉ី នៅក្នុងការផ្តល់ជំនួយដល់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ SEA Game នៅឆ្នាំ២០២៣ ខាងមុខ។ ពីព្រោះកន្លងមកម៉ាឡេស៉ី លោកក៏ធ្លាប់ផ្តល់ជំនួយដល់ប្រទេសផ្សេង ហើយក៏ទទួលបានជោគជ័យ នៅក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ SEA Game រួចមកហើយ»។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍ ជម្រាបជូនលោកឯកអគ្គរាជទូតវិញថា កម្ពុជាស្វាគមន៍ចំពោះបំណងរបស់ម៉ាឡេស៉ី ក្នុងការផ្តល់ជំនួយ ហើយក៏សូមអរគុណនូវសណ្តានចិត្តរបស់ម៉ាឡេស៉ីក្នុងការផ្តល់ជំនួយនេះ។ ទោះជាយ៉ាងនេះក្តី ជំនួយរបស់ប្រទេសម៉ាឡេស៉ី ក្នុងការជួយកម្ពុជារៀបចំ SEA Game មិនទាន់ត្រូវបានបង្ហាញទំហំទឹកប្រាក់នៅឡើយទេ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន បានប្រាប់លោកទូតដោយសង្ឃឹមថា ភាគីម៉ាឡេស៉ីនឹងជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគី កម្ពុជា-ម៉ាឡេស៉ី ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រលើកទី៣ ដែលម៉ាឡេស៉ី ត្រូវធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២១ខាងមុខនេះ។ កម្ពុជា ចង់ឃើញម៉ាឡេស៉ី រៀបចំកិច្ចប្រជុំនេះឲ្យបានឆាប់រហ័ស ជាពិសេសពេលស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ។
ក្នុងឱកាសជំនួបនោះ លោកឯកអគ្គរាជទូត បានប្រគល់ជូនលោកឧបនាយករដ្ឋមន្រ្តី នូវមូលទានប័ត្រនៃវិភាគទានជារូបិយវត្ថុរបស់រដ្ឋាភិបាលម៉ាឡេស៉ី ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ២៥០០០ដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ជនរងគ្រោះដោយសារទឹកជំនន់ នៅកម្ពុជាក្នុងពេលថ្មីៗនេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចាត់ទុកថា នេះជាកាយវិការដ៏ល្អប្រសើរ របស់រាជរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៉ី ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា។ ប្រមុខការទូតកម្ពុជា ថែមទាំងបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៉ី ដែលបានផ្ញើសារអបអរសារទរកម្ពុជា ក្នុងទិវាឯករាជ្យជាតិ លើកទី៦៧ផងដែរ៕