(កណ្តាល)៖ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ «តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម ឬ SME Cluster» របស់ក្រុមហ៊ុន វើលដ៍ ប្រ៊ីដ អ៉ិនដសស្ទ្រៀល ឌីវេឡុបម៉ិន ឯ.ក (Worldbrigde Industrial Development Co., Ltd.) តំណាងដោយលោកឧកញ៉ា សៀ ឬទ្ធី។
ពិធីបើកការដ្ឋានសាងសង់ ក៏បានធ្វើឡើងដោយមានការចូលរួមជាសក្ខីកម្មពីភ្ញៀវជាតិ និងអន្តរជាតិនានា ដូចជា តំណាងឯកអគ្គរាជទូត និងតំណាងឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងបុគ្គលិកក្រុមហ៊ុនផងដែរ។ តំបន់នេះមានទីតាំងស្ថិតនៅភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានឲ្យដឹងថា តំបន់មួយនេះគឺជា SME Cluster ដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃប្រមាណ ៣០លានដុល្លារអាមេរិក លើផ្ទៃដី ៦ហិកតា។ សម្ព័ន្ធនានាក្នុង តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម នេះដែរ រួមមាន៖ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បណ្តាញទូរគមនាគមន៍ ផ្លូវ អគារពាណិជ្ជកម្ម អគារសហគ្រាស អាងប្រព្រឹត្តកម្ម សម្រាប់កិច្ចដំណើរការផលិតកម្មអាជីវកម្ម និងសេវាកម្ម។
លោកបន្តថា ដោយកម្ពុជាស្ថិតក្នុងបរិបទនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម នៅទូទាំងប្រទេស ដែលជាផ្លែផ្កាដ៏ពិសិដ្ឋ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះក្នុងនាមលោកផ្ទាល់ ជាថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងជំនួសមុខឲ្យរាជរដ្ឋាភិបាល លោកបានប្រកាសគាំទ្រ និងកោតសរសើរដោះស្មោះចំពោះ លោកឧកញ៉ា សៀ ឬទ្ធី និងសហការី ដែលបានបោះទុនវិនិយោគតំបន់នេះឡើង។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្ថែមថា តំបន់នេះដែរ ជាកាលានុវត្តភាពរបស់សហគ្រាសធុនតូច និងមធ្យម គ្រប់វិស័យក្នុងកិច្ចប្រតិបត្តិការ ដំណើរការផលិតកម្ម អាជីវកម្ម និងសេវាកម្ម នៅទីតាំងតែមួយកន្លែង ដែលមានលក្ខណៈជាកន្សោមផលិតកម្មប្រទាក់ក្រឡាគ្នា និងមានលទ្ធភាពខ្ពស់ជាង សហគ្រាសនៅក្រៅតំបន់ប្រមូលផ្តុំ។ ក្នុងន័យនេះ ការបង្កើតតំបន់សហគ្រាសធុនតូច និងមធ្យម ឬ SME Cluster សំដៅជំរុញប្រតិបត្តិការផលិតកម្ម អាជីវកម្ម និងសេវាកម្មរបស់សហគ្រាស ឲ្យកាន់តែមានភាពប្រសើរឡើង តាមរយៈការទទួលបានសេវាសាធារណៈតែមួយកន្លែង និងបង្កភាពងាយស្រួល លើការទទួលបានការប្រឹក្សាយោបល់ លើផ្នែកបច្ចេកទេស លិខិតបទដ្ឋានគតិយុត្ត ទីផ្សារ ការទទួលបានហិរញ្ញប្បទាន និងសេវាគាំទ្រផ្សេងទៀត សម្រាប់ជំរុញការអភិវឌ្ឍ សហគ្រាសនៅក្នុងតំបន់ប្រមូលផ្តុំមួយនេះ។
លោកឧកញ៉ា សៀ ឫទ្ធី បានឲ្យដឹងថា គម្រោងសាងសង់នេះ មានរយៈពេល ៨ខែ និងគ្រោងបញ្ចប់នៅឆ្នាំ ចុងឆ្នាំ២០២១។ លោកបន្តថា តាមរយៈការវិនិយោគជាផ្លូវការលើសេវាកម្មដែលមានស្តង់ដារ និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចជឿទុកចិត្តបានសម្រាប់សហគ្រាសធុនតូច និងមធ្យមនេះ ខ្សែសង្វាក់ផលិតកម្មពិតជាអាចលើកស្ទួយ ផ្តល់តម្លៃ បង្កើតធនធាន ចំណេញពេលវេលា មានស្មារតីច្នៃប្រឌិតផលិតកម្ម និងការគ្រប់គ្រងប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងការចំណាយ។
បើតាមលោកឧកញ៉ា សៀ ឫទ្ធី, ក្រុមហ៊ុន Worldbridge Industrial Developments យល់ថា គម្រោងថ្មីៗទាំងអស់របស់ខ្លួន ទាក់ទិនទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាមួយស្ថាប័នជាតិ និងអន្តរជាតិ គឺដោយសារការឈ្វេងយល់ឃើញថា គម្រោងទាំងនោះ វាពិតជាអាចគាំទ្រដល់ស្ថិរភាពនៃការរស់នៅរបស់ពលរដ្ឋដែលមានជីវភាពកម្រិតមធ្យម ឲ្យកាន់តែមានការរីកចម្រើនជាវិជ្ជមាន។
មិនតែប៉ុណ្ណោះ គម្រោងទាំងនេះអាចផ្តល់គុណប្រយោជន៍រួម ផ្តល់ការទ្រទ្រង់ដល់គ្នាទៅវិញទៅមក និងធ្វើឲ្យទំនាក់ទំនងក្នុងសហគមន៍កាន់តែល្អ ថែមទាំងអាចជួយជម្រុញឲ្យពលរដ្ឋចូលរួម ក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញមានចំនួនកាន់តែច្រើន តាមរយៈការផ្តល់ហិរញ្ញប្បទានសមស្របតាមលទ្ធភាព ដែលមិនបង្កឲ្យមានឱនភាពប៉ះពាល់ដល់សង្គម ផ្ទុយទៅវិញវាអាចផ្តល់ឱកាសឲ្យពលរដ្ឋបន្តមានការរីកលូតលាស់សេដ្ឋកិច្ចគ្រួសារ និងសង្គមប្រកបដោយចីរភាពបានកាន់តែប្រពៃ៕