(ត្បូងឃ្មុំ)៖ ក្រុមអ្នកម៉ៅការភាស៊ី មានការងឿងឆ្ងល់ ដោយសារផ្សារមេមត់ មិនមានឈ្មោះក្នុងបញ្ជីដេញថ្លៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
ក្រោយពេលបានឃើញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីការដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្ម ឆ្នាំ២០២១ ក្រុមអ្នកម៉ៅការ បានមានការងឿងឆ្ងល់ ដោយក្នុងបញ្ជីឈ្មោះ មានផ្សារជាច្រើន ដាក់ឲ្យដេញថ្លៃដោយឡែកចំពោះផ្សារមេមត់ មិនឃើញមានឈ្មោះក្នុងបញ្ជីដាក់ឲ្យដេញថ្លៃនោះ។
អ្នកម៉ៅការ បានឱ្យដឹងទៀតថា ផ្សារមេមត់កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ធ្លាប់បានណែនាំឲ្យអាជ្ញាធរស្រុកមេមត់ យកផ្សារមេមត់នេះ ដាក់ដេញថ្លៃដើម្បីប្រមូលថវិកាចូលរដ្ឋ។
ទាក់ទិនទៅនឹងព័ត៌មានខាងលើ អភិបាលស្រុកមេមត់ លោក ស្រេង លី បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា ចំពោះផែនការរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, លោកបានអនុវត្តហើយ ប៉ុន្តែលោក ក៏កំពុងតាមដានដែរថា ហេតុអ្វីផ្សារនៅស្រុកផ្សេងៗ មានឈ្មោះដាក់ឲ្យដេញថ្លៃ ដោយឡែកផ្សារស្រុកមេមត់របស់លោក មិនឃើញមានឈ្មោះដាក់ឲ្យដេញថ្លៃ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ អភិបាលរងខេត្តត្បូងឃ្មុំ លោក គន់ សុភា បានប្រាប់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា លោកកំពុងជាប់រវល់ប្រជុំ ដោយលោកឲ្យសួរទៅ លោក ស៊ាម អេងស៊្រុន ទទួលបន្ទុកហិរញ្ញវត្ថុ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក ស៊ាម អេងស៊្រុន បានប្រាប់តាមទូរស័ព្ទថា រឿងផ្សារមេមត់គ្មានឈ្មោះក្នុងបញ្ជីដាក់ឱ្យដេញថ្លៃនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ នឹងត្រូវធ្វើនីតិវិធី លើកក្រោយទៀត។
ប៉ុន្តែពេលសួរតើមូលហេតុអ្វី ទើបផ្សារមេមត់រៀបចំនីតិវិធី មិនទាន់ស្មើគ្នាដាក់ឲ្យដេញថ្លៃ ជាមួយនឹងផ្សារផ្សេងៗទៀត? លោក ស៊ាម អេងស៊្រុន បានឆ្លើយថា លោកកំពុងជាប់រវល់ ចាំលោកខលប្រាប់លើកក្រោយ៕