(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់រដ្ឋាភិបាលចុះជួយក្រុងបាវិត និងស្រុកចន្ទ្រាខេត្តស្វាយរៀង នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងចុះត្រួតពិនិត្យមើលភូមិសាស្ត្រនានា ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលបានរងការខូចខាត និងផលប៉ះពាល់បង្កឡើងដោយគ្រោះមហន្តរាយទឹកជំនន់នាពេលកន្លង។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងក្រុមការងារបានចុះទៅពិនិត្យស្ថានភាពផ្លូវ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក និងបានដោះស្រាវបញ្ហាមួយចំនួនជូន ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងដែរ ដែលបាននឹងកំពុងបន្តធ្វើការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ឋនានា ក្នុងស្រុកក្រោយរងនូវការខូចខាតនាពេលកន្លងមក ដោយក្នុងនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្តល់ពូជស្រូវវជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើការស្តារឡើងវិញនូវដំណាំស្រូវរបស់ខ្លួន។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋក្នុងមនោសញ្ចេតនានឹករលឹក និងការគិតគូខ្ពស់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានគូសបញ្ជាក់ថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលមានគ្រោះទឹកជំនន់កន្លងទៅនេះ សម្តេចតេជោបានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ហើយនៅពេលទឹកស្រកទៅវិញ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ពូជស្រូវសម្រាប់ការស្តារឡើងវិញនូវការងារបង្កបង្កើនផលរបស់បងប្អូនថែមទៀត។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកទឹកចិត្ត និងណែនាំដល់មន្ត្រីជំនាញរបស់ស្រុកឱ្យបន្តជួយជាបច្ចេកទេសដល់ប្រជាពលរដ្ឋក្នុងការស្តារជីវភាពឡើងវិញ លើការងារបង្កបង្កើនផលដាំដំណាំ គ្រប់ប្រភេទឱ្យបានទាន់ពេលវេលា។ ការងារនេះក៏ចាំបាច់ត្រូវរៀបចំការងារបង្កបង្កើនផលការដាំដុះផ្សេងៗ ឱ្យបានអស់លទ្ធភាព។
ទាក់ទងទៅនឹងបញ្ហាការប្រឈមនឹងជំងឺកូវីដ-១៩ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា នៅក្នុងពេលដែលមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងដំបន់ និងនៅលើពិភពលោក ដោយលែកនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការក្នុងការការពារ ទប់ស្កាត់ និងបង្ការ ជំងឺកូវីដ-១៩នេះ មិនឱ្យឆ្លងរាលដាលទៅក្នុងសហគមន៍ ហើយមិនមាននរណាម្នាក់បានស្លាប់ដោយសារជំងឺនេះឡើយ។
នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ដោយសាររាជរដ្ឋាភិបាល បានចាត់វិធានការការពារបានល្អជំងឺកូវីដ-១៩ តាមរយៈការធ្វើអនាម័យការរក្សាគម្លាតសង្គម ការលាងសំអាតដៃ ធ្វើឱ្យយើងថែទាំសុខភាពបានល្អ មិនមានការឆ្លងមេរោគដ៏កាចសាហាវនេះឡើយ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការ ការពារសុខុមាលភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ក៏ដូចជាការជួយស្តារឡើងវិញជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដោយសារកូវីដ-១៩ ដូចជា៖ បានផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋជួបការលំបាក ដែលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាពេលនោះនាយឧត្តមសេនីយ៍ ម៉ឹង សំផន បាននាំយកនូវសម្ភារមួយចំនួន មានម៉ាស, ជែល, ទឹកអាល់កុល ឧបត្ថមដល់មណ្ឌលសុខភាព ដើម្បីបន្តការការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ បន្តទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បាននាំយកអំណោយជាសារ៉ុង ក្រម៉ា និងថវិកាមួយចំនួនធំចែកជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ ដែលមានវត្តមាននាឱកាសនោះផងដែរ៕